ច្បាប់

មនុស្សម្នាក់ដែលរស់នៅលើកោះមួយដាច់តែឯង​ នោះពុំចាំបាច់ឲ្យត្រូវការមានទំលាប់អ្វីទ្បើយ ព្រោះពុំមានទំនាក់ទំនងជាមួយមនុស្សដទៃទៀត។ ផ្លូវថ្នល់មួយដែលធ្វើតែសម្រាប់មនុស្សម្នាក់ធ្វើ ដំណើរ ក៏ពុំចាំបាច់មានច្បាប់ចរាចរអ្វីទ្បើយ។

នៅក្នុងព្រៃសត្វណាដែលមានកំលាំងខ្សោយ និងត្រូវសត្វផ្សេងទៀតដែលមានកំលាំងខ្លាំងចាប់ ធ្វើជាចំណីតាមការស្រេកឃ្លាន។ នៅក្នុងទឹកត្រីតូចត្រូវត្រីធំចាប់ចាប់ធ្វើជាចំណីអាហារបន្តបន្ទាប់ ដូច្នេះទាំងសត្វនៅក្នុងព្រៃឬត្រីនៅក្នុងទឹក រស់នៅក្នុងការភ័យខ្លាចដោយសារពុំមានច្បាប់។ ចំណែក មនុស្សដែលជាអ្នកមានប្រាជ្ញាជាងសត្វ តែងតែរិះរកវិធីចាប់សត្វធ្វើជាចំណី​អាហាររបស់ខ្លួនដើម្បី ចិញ្ចឹមជីវិត ដូច្នេះរវាងមនុស្សនិងសត្វក៏ត្រូវតែមានច្បាប់។

ដើម្បីឲ្យមនុស្សរស់នៅជាមួយគ្នាបាន ដោយសុខសាន្តដោយគ្មានការភ័យខ្លាច គ្មានការកេង ប្រវ័ញ្ជ ចាំបាច់ត្រូវតែមានច្បាប់ដែលជាវិធានសម្រាប់សិក្សាសង្គមមនុស្សឲ្យមានរបៀបរៀបរយ មានសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងសង្គម។

ក្នុងសម័យបុព្វកាលមនុស្សអាចរស់នៅជាមួយគ្នាបានដោយមិនចាំបាច់មានច្បាប់ គឹផ្អែកតែ លើប្រពៃណី ទំនៀមទំលាប់និងសាសនាប៉ុណ្ណោះ។ ប៉ុន្តែក្នុងសម័យទំនើបបច្ចុប្បន្ន ប្រពៃណី ទំនៀម ទំលាប់ និងសាសនាតែឯងពុំអាចយកឈ្នះនូវមហច្ឆិតារបស់មនុស្សក្នុងសម័យ​សំភារៈនិយមនេះបានទេ គឺចាំបាច់ត្រូវតែមានច្បាប់។

ច្បាប់មានគោលបំណងធ្វើឲ្យសង្គមមានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ មានសុវត្ថិភាព និង អាចដោះស្រាយបាននូវទំនាស់ដែលកើតចេញឆន្ទៈខុសៗគ្នារបស់មនុស្សរកយុត្តិធម៌ជូនសង្គម កំណត់ នូវទង្វើទាំងទ្បាយដែលខុសច្បាប់របស់អ្នកដែលមានកម្លាំងខ្លាំង ឬមានអំណាចទៅលើ​អ្នកខ្សោយ ឬអ្នកគ្មានអំណាច សំដៅធ្វើការអភិវឌ្ឍន៍សង្គមឲ្យមានការរីកចម្រើនសមរម្យ​សប្បាយសុខដុមរមនា។

បច្ចុប្បន្ននេះគេអាចកំណត់ប្រភពសំខាន់ៗនៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាដូចតទៅៈ 

១.រដ្ឋធម្មនុញ្ញ

រដ្ឋធម្មនុញ្ញជាប្រភពនៃច្បាប់ ជាច្បាប់សរីរាង្គ ឬជាច្បាប់គ្រឹះរបស់ប្រទេសជាតិដែលចែងអំពី លក្ខណៈនិងគោលគំនិតនៃរដ្ឋាភិបាល។ រដ្ឋធម្មនុញ្ញជាមូលដ្ឋានកំណត់អំពីជីវភាព​ផ្ទៃក្នុងនៃប្រទេស ដាក់បញ្ញាត្តិអំពីកម្រិតនិងរបៀបប្រើអំណាចរបស់រដ្ឋ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មកដល់បច្ចុប្បន្ននេះមាន ១៦ ជំពូក បែងចែកជា១៥៨មាត្រាៈ

ជំពូកទី១         ចែងអំពីអធិបតេយ្យភាព មាន៦មាត្រា ពីមាត្រាទី១ ដល់មាត្រាទី៦

ជំពូកទី២         ចែងអំពីព្រះមហាក្សត្រ មាន២៤មាត្រា ពីមាត្រាទី៧ ដល់មាត្រាទី៣០ថ្មី

ជំពូកទី៣        ចែងអំពីសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ មាន២០មាត្រា ពីមាត្រាទី៣១ ដល់ មាត្រាទី៥០

ជំពូកទី៤         ចែងអំពីរបបនយោបាយ មាន៥មាត្រា ពីមាត្រាទី៥១ថ្មី ដល់មាត្រទី៥៥

ជំពូកទី៥         ចែងអំពីសេដ្ឋកិច្ច មាន៩មាត្រា ពីមាត្រាទី៥៦ ដល់មាត្រាទី ៦៤

ជំពូកទី៦         ចែងអំពីអប់រំ វប្បធម៌ និងសង្គមកិច្ច មាន១១មាត្រា ពីមាត្រាទី៦៥ ដល់មាត្រាទី ៧៥

ជំពូកទី៧        ចែងអំពីរដ្ឋសភា មាន២៣មាត្រា ពីមាត្រាទី៧៦ ដល់មាត្រាទី៩៨

ជំពូកទី៨         ចែងអំពីព្រឹទ្ធសភា មាន១៧មាត្រា ពីមាត្រាទី៩៩ថ្មី ដល់មាត្រាទី១១៥ថ្មី

ជំពូកទី៩         ចែងអំពីរដ្ឋសមាជសភានិងព្រឹទ្ធសភា មាន២មាត្រា ពីមាត្រាទី១១៦ថ្មីដល់មាត្រាទី​១១៧ថ្មី

ជំពូកទី១០      ចែងអំពីរាជរដ្ឋាភិបាល មាន១០មាត្រា ពីមាត្រាទី១១៨ថ្មី​ ដល់មាត្រាទី១២៧ថ្មី

ជំពូកទី១១      ចែងអំពីអំណាចតុលាការ មាន៨មាត្រា ពីមាត្រាទី១២៨ថ្មី ដល់មាត្រាទី១៣៥ថ្មី

ជំពូកទី១២ថ្មី   ចែងអំពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ មាន៩មាត្រា ពីមាត្រាទី ១៣៦ថ្មី ដល់មាត្រាទី១៤៤ថ្មី

ជំពូកទី១៣ថ្មី ចែងអំពីការគ្រប់គ្រងរដ្ឋបាល មាន២មាត្រា ពីមាត្រាទី១៤៥ថ្មី ដល់មាត្រាទី១៤៦ថ្មី

ជំពូកទី១៤ថ្មី   ចែងអំពីសមាជាតិ មាន៣មាត្រា ពីមាត្រាទី១៤៧ថ្មី ដល់មាត្រាទី១៤៩ថ្មី

ជំពូកទី១៥ថ្មី   ចែងអំពីអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ មាន៤មាត្រា ពីមាត្រាទី១៥០ថ្មី ដល់មាត្រាទី១៥៣ថ្មី

ជំពូកទី១៦ថ្មី   ចែងអំពីអន្តរប្បញ្ញត្តិ មាន៥មាត្រា ពីមាត្រាទី១៥៤ថ្មី ដល់មាត្រា១៥៨ថ្មី

 ២.ទំនៀមទំលាប់

            ប្រទេសកម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា។ ព្រះពុទ្ធសាសនានិងទំនៀមទំលាប់ មានឥទ្ធិ ពលយ៉ាងខ្លាំងទៅលើច្បាប់។

            មាត្រាទី៤៧ថ្មីនៃរដ្ឋធម្មនុញ្ញចែងថា ​“ មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនឲ្យទៅ ជាពលរដ្ឋល្អ។ កូនមានករណីកិច្ចចិញ្ចឹមបីបាច់ថែរក្សាមាតាបិតាដែលចាស់​ជរាតាមទំនៀមទំលាប់ខ្មែរ “

            ក្នុងរឿងរដ្ឋប្បវេណី ករណីដែលច្បាប់មិនបានចែងច្បាស់លាស់ គេកាត់ក្តីដោយផ្អែកទៅ​តាម ទំនៀមទំលាប់ ប្រពៃណី សតិសម្បជញ្ញៈ និងសមធម៌។

            មាត្រាទី២៣នៃក្រិតច្បាប់ស្តីពី កិច្ចសន្យានិងការទទួលខុសត្រូវក្រៅកិច្ចសន្យាដែល ចែងថា “កាលបើកិច្ចសន្យាធ្វើទ្បើងដោយមានន័យមិនច្បាស់ កិច្ចសន្យានោះត្រូវត្រូវ​បកស្រាយតាមទំលាប់ប្រើ ឬតាមទំនៀមទំលាប់នៃកន្លែងដែលកិច្ចសន្យានោះបានធ្វើ កុំឲ្យតែការបកស្រាយនោះ ផ្ទុយនៃ បទបញ្ញាត្តិនៃក្រិត្យច្បាប់នេះ ”។

 ៣.បទបញ្ញាត្តិ

បទបញ្ញាត្តិនិងលិខិតបទដ្ឋានរបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ UNTAC

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេច បង្កើតអាជ្ញាធរ បណ្តោះអាសន្នមួយនៅកម្ពុជាហៅកាត់ថា (UNTAC ក្តីសម្រេចលេខ ៧១៨ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ ១៩៩១ និងសេចក្តីសម្រេចលេខ ៧៤៥ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ ១៩៩២)

UNTAC បានរៀបចំបោះឆ្នោតឆ្នាំ ១៩៩៣ និងលិខិតបទដ្ឋានផ្សេងៗទៀតដែលពាក់ព័ន្ធនិង ច្បាប់តុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តក្នុងរយះពេលអន្តរកាលនៅ ប្រទេសកម្ពុជា រហូតដល់មានច្បាប់ថ្មីមកជំនួស។ រយះពេលអន្តរកាលនេះ រាប់ចាប់ពីកម្ពុជាមាន រដ្ឋធម្មនុញ្ញថ្មីឆ្នាំ១៩៩៣មក។ ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនេះទាមទារត្រូវមានច្បាប់ទំលាប់ថ្មីស្របតាមការ កំណត់នៃរដ្ឋធម្មនុញ្ញ។ ដោយសារថ្ងៃរំដោះឆ្នាំ១៩៧៩មក យើងខ្វះខាតធនធានមនុស្សផ្នែកច្បាប់ ធ្វើ​ឲ្យការកសាងច្បាប់​មានការយឺតយ៉ាវ។ ពេលនោះយើងពឹងផ្អែកលើ UNTAC ជាអ្នកជួយធ្វើច្បាប់ និង បទបញ្ញាត្តិ​ផ្សេងៗ សម្រាប់អនុវត្តបណ្តោះអាសន្នក្នុងរយះពេលអន្តរកាលនោះ រហូតដល់មានច្បាប់ថ្មី មកជំនួស។

៤.ច្បាប់អន្តរជាតិ

ប្រភពផ្សេងៗទៀតនៃច្បាប់ គឺច្បាប់អន្តរជាតិ។ ច្បាប់អន្តរជាតិបង្កើតទ្បើងដោយការព្រមព្រៀង រវាងប្រទេសជាតិជាច្រើន។ លិខិតបទដ្ឋានជាច្បាប់អន្តរជាតិ ដែលប្រទេសកម្ពុជាបានអនុម័ត​ច្បាប់ យល់ព្រមប្រកាសឲ្យប្រើ មានច្រើនជាអាទិ៍ដូចជា សេចក្តីប្រកាសជាសាកល អំពី​សិទ្ធិមនុស្ស អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់គ្រប់រូបភាពលើការប្រកាន់ពូជសាសន៍ អនុសញ្ញាពាក់ព័ន្ធនឹង ស្ថានភាពជនភៀសខ្លួន អនុសញ្ញាពាក់ព័ន្ធទៅនឹងការការពារជនស៊ីវិល​ក្នុងពេលមានសង្គ្រាម-ល-។

ប្រព័ន្ធច្បាប់ធំៗនៅលើពិភពលោក

នៅសម័យអង្គរ ប្រទេសកម្ពុជាពុំទាន់មានច្បាប់ទេ អ្វីគឺអាស្រ័យលើការសម្រេចលើព្រះ​មហាក្សត្រ។ ព្រះមហាក្សត្រគឺជាចៅក្រម ឬអាជ្ញាកណ្តាលដ៍កំពូលក្នុងការដោះស្រាវិវាទជូន​ប្រជារាស្រ្ត។ ព្រះមហាក្សត្ររៀបចំជំនួបទទួលប្រជារាស្រ្តក្នុងសវនាការ។ អ្នកចូលរួមថ្វាយយោបល់​មានឥស្សរៈជនជាន់ខ្ពស់ប្រចាំព្រះរាជវាំង ឬនៅពេលខ្លះ គឺប្រជាកសិករតូចតាច។ សម័យនោះច្បាប់​ឬបទបញ្ញាត្តិផ្សេងៗ ត្រូវបានភ្នាក់ងាររាជការ ដើរស្រែកប្រកូកប្រកាស ឬចារនៅលើផ្ទាំងសិលា ហើយដាក់តាំងផ្សព្វផ្សាយ នៅតាមច្រកចេញចូលនៅតាមទីកន្លែសក្ការៈដូចជា ប្រាសាទ ឬក្លោងទ្វារ ព្រះបរមរាជវាំងជាដើម ហើយដើម្បីរក្សានូវបទបញ្ញាត្តិទាំងនោះ ក៏មានការចារឹកនៅលើស្បែកសត្វ និងលាបនឹងខ្មុកម្សក្ស័ណ៍។ល។

ក្រោយសម័យអង្គរ ច្បាប់ទម្លាប់ត្រូវបានបង្កើតទ្បើងបន្តិចម្តងៗជាបន្តបន្ទាប់។ សិលាចារឹកបាន​បង្ហាញថា ប្រជារាស្ត្រត្រូវតែគោរពវិធានផ្សេងៗដែលបានកំណត់ ការមិនគោរពនឹងបណ្តាលឲ្យមាន​ការដាក់ទណ្ឌកម្មដែលធានាដោយអាជ្ញាធរសាធារណៈ។

នៅក្នុងគ្រឹស្តសករាជ្យ៦២០ ក្នុងរាជ្ជកាលព្រះបាទជ័យជេដ្ឋា ច្បាប់ខ្មែរក៏ត្រូវបានរៀបរៀង ដែលបន្ទាប់មកមានការកែរលំអរនិងពិនិត្យទ្បើងវិញ ក្នុងរជ្ជកាលព្រះបាទអង្គឌួង (១៨៤៧-១៨៦០) ។ គេសង្កេតឃើញថាច្បាប់ទាំងនោះត្រូវបានទទួលឥទ្ធិពលយើងខ្លាំងពីព្រះពុទ្ធសាសនា។ ក្រោយមក ប្រព័ន្ធច្បាប់ខ្មែរត្រូវបានផ្លាស់ប្តូរនៅក្រោយដែលកម្ពុជាស្ថិតនៅក្រោមអាណាព្យា​បាលបារាំង ពិសេស​នៅក្រោយឆ្នាំ ១៩១០។

នៅសម័យកាលបច្ចុប្បន្នគេអាចចាត់បញ្ចូលប្រព័ន្ធច្បាប់ចម្បងៗ នៅលើពិភពលោកដូចតទៅៈ

១.ប្រព័ន្ធច្បាប់ស៊ីវិល

            ប្រព័ន្ធច្បាប់ស៊ីវិលមានដើមកំណើតនៅអឺរ៉ុកណ្តាល បន្ទាប់មកបានផ្សព្វផ្សាយទៅក្រៅទ្វីប តាមរយះការដាក់អាណានិគម។ បណ្តាប្រទេសដែលធ្លាប់នៅក្រោមអានិគម អេស្បាញ ប៉ុទុយហ្គេ បារាំង ឬហូទ្បង់ គឺសុទ្ធតែកាន់ប្រព័ន្ធច្បាប់ស៊ីវិលទាំងអស់។ នៅអាស៊ីប្រទេស​ដែលមានប្រវត្តិធ្លាប់​ប្រកាន់ប្រព័ន្ធច្បាប់ស៊ីវិលមានជាអាទិ៍ដូចជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ កម្ពុជា​ វៀតណាម ទ្បាវ។ល។ ប្រព័ន្ធច្បាប់ស៊ីវិលបានចាប់បដិសន្ធិទាំងស្រុងពី ៤៥០B.C​ មុសគ្រឹស្តសករាជ្យ ហើយបាន​រីករាលដាលពេញពិភពលោក។

            បច្ចុប្បន្នរដ្ឋខ្លះនៃប្រទេសដែលប្រព័ន្ធច្បាប់ common law ដូចជាសហរដ្ឋអាមេរិកមានរដ្ឋ​មួយ ប្រកាន់ប្រព័ន្ធច្បាប់ស៊ីវិលគឺរដ្ឋ Louisiana និងកោះ Puerto Rico ដែលស្ថិតនៅចម្ងាយ ១៥០០គ.ម ពីរដ្ឋ Florida។ នៅប្រទេសកាណាដាក៏ជាប្រទេសកាន់ប្រព័ន្ធច្បាប់ common law ប៉ុន្តែរដ្ឋ Quebec កាន់ប្រព័ន្ធច្បាប់ស៊ីវិល។

            នៅក្នុងប្រព័ន្ធច្បាប់ស៊ីវិលចៅក្រមគ្មានតួនាទីបង្កើតច្បាប់ទេ គឺគ្រាន់តែជាអ្នកអនុវត្តច្បាប់ និង បកស្រាយច្បាប់ប៉ុណ្ណោះ។ ប្រព័ន្ធច្បាប់ស៊ីវិលគឺជាប្រព័ន្ធច្បាប់ដែលផ្អែកលើច្បាប់សរសេរ ឬក្រង ដែលមានមូលដ្ឋានពីច្បាប់ Roman។ នៅសតវត្សទី១៨ មានប្រទេសលើពិភពលោកចំនួន៦០ ដែលច្បាប់របស់គេ​ទទួលឥទ្ធិពលពីក្រមនៃច្បាប់ Roman។ បច្ចុប្បន្នប្រទេសមួយចំនួនបានក្លាយជា ប្រទេសដែលកាន់ប្រព័ន្ធច្បាប់កូនកាត់ ដូចជាប្រទេស អេស្ស៊ីបដែលប្រព័ន្ធច្បាប់របស់គេបានទទួល ឥទ្ធិពលពីប្រព័ន្ធច្បាប់របស់បារាំង អង់គ្លេសផង ហើយក៏ទទួលឥទ្ធិពលខ្លះពីច្បាប់ឥស្លាម។

            ប្រទេសកម្ពុជាបច្ចុប្បន្នជាប្រទេសកាន់ប្រព័ន្ធច្បាប់ស៊ីវិល តែដោយសារកាវិវត្តន៍ខ្លួនកន្លងមក ឆ្លងកាត់នូវតំណាក់កាលលំបាក និងមនោគមវិជ្ជាខុសៗគ្នា ដូចជាសម័យមុនឆ្នាំ១៩៧៥ ក្រោយឆ្នាំ ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ និងក្រោយឆ្នាំ១៩៧៩ ដល់ ១៩៩៨ ក៏ទទួលឥទ្ធិពលខ្លះពីប្រព័ន្ធច្បាប់ ផ្សេងៗ។

២.ប្រព័ន្ធច្បាប់ common law

            ប្រព័ន្ធច្បាប់នេះចាប់បដិសន្ធិនៅក្រោយកំណើតនៃព្រះយេស៊ូគ្រីសចំនួន ១០៦៦ឆ្នាំ (១០៦៦ AD)នៅចក្រក្រភពអង់គ្លេស ហើយដែលមានប្រភពសំខាន់ចេញពីសកម្មភាពរបស់ព្រះរាជសាលា យុត្តិធម៌។ ប្រព័ន្ធច្បាប់ common law រួមមាននីតិអង់គ្លេស និងនីតិរបស់ប្រទេសភាគច្រើន ដែល​និយាយភាសាអង់គ្លេស ជាពិសេសបណ្តាប្រទេសដែលជាសមាជិកនៃសមាគម common wealth ហើយដែលគេស្គាល់ប្រព័ន្ធច្បាប់នេះថាជាប្រព័ន្ធច្បាប់អង់គ្លេស-អាមេរិក។

            របៀបដែលប្រព័ន្ធច្បាប់នេះប្រកាន់យកគឺ ការបង្កើតវិធានតាមរឿងក្តីនីមួយៗ។ តុលាការធ្វើ​ការសិក្សាទៅលើករណីជាក់ស្តែងនីមួយៗ និងចេញសេចក្តីសម្រេចទៅតាម​ករណីជាក់ស្តែងនោះ ហើយត្រូវគេយកទៅអនុវត្តសម្រាប់ដោះស្រាយរឿងក្តីក្រោយៗទៀត បង្កើតបានជាយុទ្ធសាស្រ្ត សម្រាប់កាត់ក្តីក្រោយៗទៀត។ នៅក្នុងប្រព័ន្ធច្បាប់ common law គេទទួលស្គាល់ថា ចៅក្រមមិនគ្រាន់ តែជាអ្នកបកស្រាយទេ តែថែមទាំងជាអ្នកបង្កើតច្បាប់​ទៀត។

            ប្រទេសដែលកាន់ប្រព័នច្បាប់ common law មានដូចជា អង់គ្លេស អាមេរិក អៀទ្បង់ កាណាដា អូស្ត្រាលី ញ៉ូសឺលែន និងបណ្តាប្រទេសមួយចំនួនដែលជាសមាជិកសមាគម common wealth។

៣.ប្រព័ន្ធច្បាប់សង្គមនិយម

            ប្រព័ន្ធច្បាប់នេះបានចាប់កំណើតបន្ទាប់ពីជ័យជំនះនៃបដិវត្តន៍ខែតុលា១៩១៧ នៅប្រទេសរូស្ស៊ី។ គឺជាបដិវត្តន៍ដើម្បីលុបបំបាត់នូវរបបកម្មសិទ្ធិឯកជន ដោយធ្វើជាតិតុនីយកម្ម និងសមូហភាព រូបនីយកម្មលើដីធ្លី រោងចក្រ សហគ្រាស និង មធ្យោបាយផលិតកម្មផ្សេងៗ។

            លិទ្ធិសង្គមនិយមចាត់ទុកប្រព័ន្ធច្បាប់ទាំងអស់ដែលមានកន្លងមក ជាឧបករណ៍បំរើឲ្យ​របបកម្មសិទ្ធិឯកជនដែលជារបបសក្តិភូមិមានការជិះជាន់និងកេងប្រវ័ញ្ញ។ ដើម្បីលុបបំបាត់របប​នេះគេត្រូវកំទេចចោលនូវរបបកម្មសិទ្ធិឯកជន ហើយជំនួសមកវិញនូវរបបកម្មសិទ្ធិសមូហភាព និងកម្មសិទ្ធិរដ្ឋ។

            នៅឆ្នាំ១៩៨៥ក្រោមការដឹកនាំរបស់លោក Gor Batchev នៅសាធារណៈសង្គមនិយម​សហ​ភាពសូវៀត (សសសស) បានចាប់ផ្តើមធ្វើកំណែទម្រង់មួយឈ្មោះ Perestroika។ នៅឆ្នាំ១៩៩០ ក្រោម កំណែទម្រង់នេះ បានធ្វើការកំណត់សមភាពរវាងកម្មសិទ្ធិ៣យ៉ាងគឺ កម្មសិទ្ធិឯកជន កម្មសិទ្ធិ សមូហភាព និងកម្មសិទ្ធិរដ្ឋ តាមរយះវិសោធនកម្មរដ្ឋធម្មនុញ្ញ។

            នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ១៩៩០ សាធារណៈសង្គមនិយមសហ​ភាពសូវៀត(សសសស) ត្រូវបាន បញ្ចប់ ហើយបណ្តាប្រទេសនៅអឺរ៉ុបប្រទេសខាងកើត និងរដ្ឋមួយចំនួនរបស់ សាធារណៈសង្គម​និយមសហ​ភាពសូវៀត (សសសស) បានទាមទារឯករាជ្យ។ បច្ចុប្បន្នគេឃើញមាននៅសល់ប្រទេស ខ្លះដូចជាប្រទេសចិន ដែលនៅបន្តតាមលទ្ធិសង្គមនិយមរបស់ខ្លួនដែលបានចាប់ផ្តើមតាំងពីបដិវត្តន៍ ១៩៦០មក។ ចាប់ពីឆ្នាំ១៩៧៨ ប្រទេសចិនបានធ្វើការកែទម្រង់ជាបណ្តើរៗតាមគោលការណ៍នៃ​សេដ្ឋកិច្ច​ទីផ្សារដើម្បីងាយស្រួលដល់វិនិយោគទុនបរទេស។ រដ្ឋធម្មនុញ្ញថ្មីឆ្នាំ ១៩៨២ របស់ប្រទេស​ចិន បានបង្ហាញពីការធ្វើសំយោគរវាងលិទ្ធិកុម្មុយនីស្ត និងបច្ចេកទេសច្បាប់ពីបស្ចឹមប្រទេស។

៤.ប្រព័ន្ធច្បាប់ឥស្លាម

            គឺជាប្រព័ន្ធច្បាប់ដែលយកសាសនាជាមូលដ្ឋាន។ ប្រព័ន្ធច្បាប់នេះកំណត់ថាសង្គមដែល បរិសុទ្ធ គឺសង្គមដែលយកសាសនាជាគ្រឹះ មិនមែនសង្គមដែលយកច្បាប់ជាគ្រឺះទេ ព្រោះច្បាប់​មនុស្សជាអ្នកសរសេរ ដូច្នេះមិនអាចបរិសុទ្ធដូចធម៌របស់ព្រះទ្បើយ។ គម្ពីរសាសនាដ៍ពិសិដ្ឋ​របស់អ្នកកាន់សាសនាអ៊ីស្លាមឈ្មោះ កូរ៉ាន់ (Koran) ដែលចាត់ទុកជាប្រភពនៃច្បាប់ ហើយដែលគ្របដណ្តប់លើ​ច្បាប់រដ្ឋប្បវេណី ច្បាប់ពាណិជ្ជកម្ម ច្បាប់រដ្ឋធម្មនុញ្ញ និងកំណត់អំពីសកម្មភាពនៃជីវិតរបស់អ្នកកាន់ សាសនានេះ។ ការបកស្រាយគម្ពីរ Koran បានទាញចេញជាច្បាប់របស់ឥស្លាម ហើយឈ្មោះថា Sharia។ ប្រទេសដែលប្រើប្រព័ន្ធច្បាប់ឥស្លាមគឺបណ្តាប្រទេសនៅមជ្ឈឹមបូព៌ាដែលមានប្រហែល ២៥ ប្រទេស។ 

ការបែងចែកនីតិ

គេបែងចែកនីតិជា២ផ្នែកគឺ នីតិជាតិ និង នីតិអន្តរជាតិ

I.នីតិជាតិ នីតិជាតិបែងចែកជាពីរផ្នែកគឹ នីតិសាធារណៈ និង នីតិឯកជន

១.នីតិសាធារណៈ

មានកម្មវត្ថុសម្រាប់គ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅនៃអំណាចសាធារណៈ ព្រមទាំងទំនាក់ទំនងរវាងអំណាចសាធារណៈជាមួយប្រជារាស្រ្ត។

ឧទារហ៍ៈ ច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់គ្រឹះសម្រាប់កំណត់វិធានដែលពាក់ព័ន្ធ និងទម្រង់របស់រដ្ឋ ការបង្កើតរដ្ឋាភិបាល និងកំណត់អំពីអំណាចសាធារណៈ។

            ច្បាប់រដ្ឋបាលដែលជាវិធានពាក់ព័ន្ធទៅនិងការរៀបចំ ការគ្រប់គ្រងសមូហភាព​សាធារណៈ រដ្ឋបាលខេត្តក្រុង សេវាសាធារណៈ។ល។

            ប្រព័ន្ធច្បាប់ខ្លះ បានកំណត់យកច្បាប់ព្រហ្មទណ្ឌជាច្បាប់ដែលស្ថិតក្នុងនីតិសាធារណៈ ព្រោះគេយល់ថា កម្មវត្ថុនៃច្បាប់ព្រហ្មទណ្ឌគឹការពាររបៀបរៀបរយ និង សន្តិសុខសង្គម។

២.នីតិឯកជន

            ជាវិធានទាំងទ្បាយដែលគ្រប់គ្រងទំនាក់ទំនងរវាងបុគ្គលឯកជន ទាំងរូបវ័ន្តបុគ្គល និងនីតិ​បុគ្គល។       

            ច្បាប់ដែលចាត់ចូលក្នុងនីតិឯកជនមានដូចជា ច្បាប់រដ្ឋប្បវេណី ច្បាប់ការងារ ច្បាប់អាពាហ៍ ពីពាហ៍ ច្បាប់កិច្ចសន្យា។ល។

            ដោយទ្បែកច្បាប់ព្រហ្មទណ្ឌដែលជាវិធានទាក់ទងនិងទោស បទល្មើស ហើយសិទ្ធិផ្តន្ទា​ទោស គឺជាសិទ្ធិផ្តាច់មុខរបស់រដ្ឋ។ អង្គការចាត់តាំងរបស់រដ្ឋដែលមានសមត្ថកិច្ចត្រូវអនុវត្ត​សិទ្ធិក្នុងនាមរបស់រដ្ឋ។ ច្បាប់បារាំងចាត់ទុកច្បាប់ព្រហ្មទណ្ឌឋិតក្នុងនីតិឯកជន ព្រោះច្បាប់ព្រហ្មទណ្ឌការពារបុគ្គល និងប្រឆាំងមិនឲ្យមានការប៉ះពាល់ដល់ជីវិត កិត្តិយស ទ្រព្យសម្បត្តិរបស់បុគ្គល។ ចំពោះច្បាប់ជប៉ុនវិញ ចាត់ទុកច្បាប់ព្រហ្មទណ្ឌស្ថិតក្នុងនីតិ​សាធារណៈ។ មតិខ្លះទៀតយល់ថា ច្បាប់ព្រហ្មទណ្ឌជាច្បាប់ចម្រុះ ដែលស្ថិតក្នុងនីតិសាធារណៈ​ផង នីតិឯកជនផង។

II.នីតិអន្តរជាតិ

          គឺជានីតិប្រើប្រាស់សម្រាប់ប្រភពអន្តរជាតិដែលចែងពីទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋ រវាងបុគ្គល នឹងបុគ្គល ដោយបែងចែកនីតិអន្តរជាតិសាធារណៈ និងអន្តរជាតិឯកជន។

១.នីតិអន្តរជាតិសាធារណៈ

ជានីតិដែលបែងចែកអំពីទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋ នឹងអង្គការអន្តរជាតិដូចជា សន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀង-ល-។

២.នីតិអន្តរជាតិឯកជន

ជាបទបញ្ញាត្តិដែលគ្រប់គ្រងសណ្តាប់ធ្នាប់អន្តរជាតិ ហើយដែលពាក់ព័ន្ធផ្ទាល់ទៅនឹងឯកជន រឺជាបទបញ្ញាត្តិដែលគ្រប់គ្រងទំនាក់ទំនងរវាងបុគ្គលឯកជននឹងបុគ្គលឯកជនជាអន្តរជាតិ ដូចជាច្បាប់ ស្តីពីសញ្ជាតិ រឺលក្ខខ័ណ្ឌន្តិកៈជនបរទេសជាដើម។

ប្រព័ន្ធតុលាការនៅកម្ពុជា

ប្រព័ន្ធតុលាការនៅកម្ពុជាសម័យបុរាណ បានទទួលឥទ្ធិពលពីប្រវត្តិសាស្រ្តដែលជាច្បាប់ខ្មែរ បុរាណ ច្បាប់ផ្ទាល់មាត់និងពោរពេញទៅដោយសាសនា។ព្រះមហាក្សត្រជាតំណាងអទិទេព ដែលមានអំណាចគ្រប់ប្រភេទ រាប់ទាំងអំណាចធ្វើ​សវនាការដោះស្រាយរឿងក្តីគ្រប់ប្រភេទផង។ អ្នកជួយព្រះមហាក្សត្រគឺយមរាជ ដែលចាត់ទុកដូចជា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សម័យបច្ចុប្បន្ន។ យមរាជគឺជាអ្នកទទួលដាក់ទណ្ឌកម្មនិងពិន័យ ចាប់តាំងពី ទោសតូចតាចរហូតដល់ទោសប្រហារជីវិត។ នៅសតវត្សទី១៧ មានការចងក្រងសេចក្តីសម្រេច ព្រះមហាក្សត្របង្កើតបានជាប្រភពនៃច្បាប់ខ្មែរសម័យនោះ។

សន្ធិសញ្ញាខ្មែរ-បារាំងដែលបានចុះហត្ថលេខានៅថ្ងៃទី ១១ សីហា ១៩៨៦ ដើម្បីបង្កើតរបប អនាធិបតេយ្យបារាំងនៅកម្ពុជា យុត្ថាធិការដែលខ្មែរធ្លាប់មានកន្លងមកនៅតែបន្តអនុវត្តដដែល។ ពេលនោះយុត្ថាធិការខ្មែរ មានសមត្ថកិច្ចដោះស្រាយវិវាទរវាងខ្មែរនឹងខ្មែរ ចំណែកយុត្ថាធិការបារាំង មានសមត្ថកិច្ចដោះស្រាយជម្លោះរវាងជនបរទេស នឹងជនបរទេស។ ផ្ទុយទៅវិញ ប្រសិនបើមានវិវាទ ជាលក្ខណៈចម្រុះ រវាងខ្មែរនឹងជនបរទេសនោះ យុត្ថាធិការបារាំងជាអ្នកមានសមត្ថកិច្ច។

នៅឆ្នាំ១៩៩៨ មានការចាប់ផ្តើមកែរប្រែប្រព័ន្ធយុត្តិធម៌ខ្មែរតាមបែបបារាំង។ នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ ១៩២០ ព្រះមហាក្សត្រខ្មែរ ព្រះបាទស៊ីសុវត្ថិ បានប្រកាសឲ្យប្រើក្រមរដ្ឋប្បវេណីថ្មី។ ចំណែកក្រម នីតិវិធីរដ្ឋប្បវេណី ក៏ត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ១៨ ធ្នូ ឆ្នាំ ១៩៣៨ ដែលក្នុងនោះស្ថាប័ន​តុលាការ ខ្មែរ មានលក្ខណៈដូចគ្នាទាំងស្រុងទៅនឹងស្ថាប័នតុលាការបារាំង ដែលសបញ្ជាក់ថា ប្រទេសកម្ពុជា ចាប់ផ្តើមទទួលយកប្រព័ន្ធច្បាប់សរសេរជាប្រព័ន្ធច្បាប់ស៊ីវិលចាប់ពីពេល​នោះមក។

នៅក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ ប្រព័ន្ធតុលាការខ្មែរបានបាត់បង់ទាំងស្រុង មិនតែប៉ុណ្ណោះ ចៅក្រមនឹងអ្នកច្បាប់ត្រូវបានសម្លាប់ស្ទើរទាំងអស់។

I.ប្រព័ន្ធតុលាការកម្ពុជាពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣

ក្រោយថ្ងៃរំដោះ ៧​មករា ១៩៧៩ បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលដ៍ខ្មៅងងឹតមួយអស់រយះ ពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត រដ្ឋធម្មនុញ្ញមួយនៃរបប​សាធារណៈរដ្ឋ ប្រជាមានិតកម្ពជាក៏ត្រូវបានអនុម័តនៅឆ្នាំ ១៩៨១។

ក្រិតច្បាប់ចុះថ្ងៃទី ១៥ ខែឧសភា ១៩៨០ បានបង្កើតតុលាការប្រជាជនបដិវត្តន៍ខេត្តក្រុង។ ប្រព័ន្ធតុលាការនៅក្នុងចន្លោះឆ្នាំ ១៩៧៩-១៩៨៥ គឺមានតែតុលាការបដិវត្តន៍ខេត្តក្រុងប៉ណ្ណោះ (សាលាដំបូង) ដែលជាតុលាការសម្រាប់កាត់ក្តី និងជំនុំជម្រះលើកទី១ និងលើកចុងក្រោយ។ សាលក្រមដែលចេញដោយតុលាការនេះ ត្រូវបានត្រួតពិនិត្យមើលទ្បើងវិញដោយក្រសួង​យុត្តិធម៌ នឹងសម្រេចចុងក្រោយដោយក្រុមប្រឹក្សារដ្ឋ (ក្រុមប្រឹក្សារដ្ឋជាអង្គការអចិន្ត្រៃយ៍របស់​រដ្ឋសភា ក្នុងរបប សាធារណៈរដ្ឋប្រជាមានិតកម្ពុជា)។ ក្រុមប្រឹក្សារដ្ឋអាចពិនិត្យមើលទ្បើងវិញ តាមសំណើររបស់ក្រសួង យុត្តិធម៌ ឬរដ្ឋសភា នូវសេចក្តីសម្រេចរបស់តុលាការ។ ប្រើក្រុមប្រឹក្សារដ្ឋពិនិត្យឃើញថា សាលក្រម ដែលចេញដោយតុលាការខេត្តក្រុងមិនត្រឹមត្រូវ​នោះ ក្រុមប្រឹក្សារដ្ឋបញ្ជូនសាលក្រមនោះ ទៅតុលាការ​ខេត្តក្រុងវិញ ដោយឲ្យកាត់ក្តីសារជាថ្មី​តាមការណែនាំរបស់ក្រុមប្រឹក្សារដ្ឋ​ ដោយប្រើសមាសធាតុថ្មី។ ពេលនោះក្រុមប្រឹក្សារដ្ឋដើរតួ​ជំនួសតុលាការកំពូលផង ជំនួសមហាអយ្យការអមតុលាការកំពូលផង។

នៅក្នុងឆ្នាំ១៩៨៥ តុលាការកំពូលក៏ត្រូវបានបង្កើតទ្បើង ដោយទទួលយកនាទីដែលក្រុមប្រឹក្សា រដ្ឋមានកន្លងមក។ ក្រោយពេលអាជ្ញាធរអង្គការសហប្រជាជាតិនៅកម្ពុជាហៅកាត់ថា UNTAC ចូលមក ប្រព័ន្ធតុលាការក៏បានផ្លាស់ប្តូរ ដោយបង្កើតបន្ថែមនូវសាលាឧទ្ទរណ៍ដោយច្បាប់ព្រហ្ម​ទណ្ឌអន្តរកាល និងបំពេញបន្ថែមដោយច្បាប់ចុះថ្ងៃទី ០៨​ កុម្ភៈ ឆ្នាំ ១៩៩៣។ ដូច្នេះចាប់ពីឆ្នាំ១៩៩៣មក ប្រព័ន្ធតុលាការកម្ពុជាមាន ៣កម្រិតគឺ សាលាដំបូង សាលាឧទ្ទរណ៍ នឹងតុលាការកំពូល។

II.ការកំណត់សមត្ថកិច្ចនៃអង្គការចាត់តាំងតុលាការ

១.ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមស្ថិតនៅក្រោមព្រះរាជអធិបតីភាពនៃព្រះមហាក្សត្រ។ ព្រះ​មហាក្សត្រ ទ្រង់អាចចាត់តាំងព្រះរាជតំណាង​ម្នាក់របស់ព្រះអង្គ ឲ្យធ្វើជាអធិបតីនៃឧត្តមក្រុម​ប្រឹក្សានៃ​អង្គចៅក្រម។ មាត្រា១៣២ថ្មីនៃរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រទ្រង់ជាអ្នកធានា​ដល់ឯករាជ្យភាពនៃ អំណាចតុលាការ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជួយព្រះមហាក្សត្រ​ក្នុងកិច្ចការនេះ ។ មាត្រា ១៣៣ ចែងថា ចៅក្រមមិនអាចគេដកហូតមុខងារបានទេ។ ប៉ុន្តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់ពិន័យលើចៅក្រមដែលបានប្រព្រឹត្តខុស។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានសមាសភាព៩រូប តែងតាំងដោយព្រះរាជក្រិត្យគឺៈ

១. ព្រះមហាក្សត្រ                                         ជាប្រធាន

២.រដ្ឋមន្ត្រីក្រសួងយុត្តិធម៌                             សមាជិក

៣.ប្រធានតុលាការកំពូល                             សមាជិក

៤.អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល       សមាជិក

៥.ប្រធានសាលាឧទ្ទរណ៍                              សមាជិក

.អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍              សមាជិក

៧.ចៅក្រមជ្រើសតាំង៣រូប                          សមាជិក

ចំពោះសមាជិកដែលត្រូវបោះឆ្នោតជ្រើសតាំងចំនួន៣រូបមានអណ្ណត្តិ៥ឆ្នាំ ហើយអាចឈរ​ឈ្មោះជាបន្តបន្ទាប់សម្រាប់អណ្ណត្តិក្រោយទៀតបាន។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានករណីកិច្ចស្នើទៅព្រះមហាក្សត្រ អំពីការតែងតាង ការផ្លាស់ប្តូរ  ការផ្តាច់ពីការងារ ការដាក់ឲ្យនៅទំនេរ ការហូតងារចៅក្រម និង ព្រះរាជអាជ្ញា ការឲ្យ យោបល់អំពីការតម្លើងឋាន្តរសក្តិ។ ភារកិច្ចសំខាន់មួយទៀតគឺ រៀបចំការប្រព្រឹត្ត​ទៅនៃអង្គតុលាការ និងផ្តល់យោបល់ អំពីការតាក់តែងច្បាប់ក្នុងវិស័យនេះ។

ការប្រជុំត្រូវកោះប្រជុំដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តាមព្រះរាជបញ្ជានៃព្រះមហាក្សត្រ ហើយ ការប្រជុំអាចស្នើទ្បើង ដោយមានសមាជិក៣រូបយ៉ាងតិច។ ការប្រជុំរបស់ឧត្តមក្រុមប្រឹក្សានៃអង្គ​ចៅក្រម និងទុកជាបានការ លុះត្រាតែមានសមាជិក៧រូបយ៉ាងតិចចូលរួមប្រជុំ។ សេចក្តីសម្រេចរបស់ អង្គប្រជុំត្រូវយកតាមមតិភាគច្រើននៃសមាជិកវត្តមាន និងតាមការ​បោះឆ្នោតជាសម្ងាត់ ប្រធានអង្គ​ប្រជុំមិនចូលរួមការបោះឆ្នោតនេះទេ។ ក្នុងការដែលបាន​បែងចែកសំលេងជា២ស្មើគ្នានោះ ប្រធានអង្គ​ប្រជុំជាអ្នកសម្រេច។

ការដាក់ទោសពិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវប្រជុំ ក្រោមរូបភាពជាក្រុមប្រឹក្សាវិន័យ និងក្រោមអធិបតីភាព នៃប្រធានតុលាការកំពូល ឬ អគ្គព្រះរាជអាជ្ញា អមតុលាការកំពូល អាស្រ័យករណីដាក់ទោសពិន័យទាក់ទងនិងចៅក្រម ឬព្រះរាជអាជ្ញា។ ក្នុងករណី ខាងលើ ព្រះមហាក្សត្រ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មិនចូលរួមទេ។

ក្នុងករណីត្រូវដាក់ពិន័យចំពោះប្រធានតុលាការកំពូល ឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ក្រុមប្រឹក្សាវិន័យ ត្រូវស្ថិតក្រោមព្រះរាជអធិបតីភាពនៃព្រះមហាក្សត្រ ឬព្រះរាជតំណាង។

២.ក្រសួងយុត្តិធម៌

            ក្រសួងយុត្តិធម៌មានភារកិច្ចសំខាន់ៗដូចតទៅៈ

            -ធានាឲ្យតុលាការប្រព្រឹត្តទៅបានល្អ

            -តាមដានត្រួតពិនិត្យការអនុវត្តន៍សាលក្រម ដោយការត្រួតពិនិត្យមើលមន្ទីរឃុំឃាំង

-ផ្តល់គោលការណ៍ណែនាំអំពីការអនុវត្តន៍ច្បាប់ ឬបទបញ្ជាក្នុងករណីដែលចៅក្រមយល់មិន​ច្បាស់។

-រ៉ាប់រងឲ្យមានឯកភាព និងការចុះសម្រុងគ្នារវាងច្បាប់ នៅពេលធ្វើសេចក្តីព្រាងច្បាប់

-រក្សាទុកបញ្ជីថ្កោលទោស ព្រមទាំងចេញសម្រង់លិខិតថ្កោលទោស

៣.តុលាការកំពូល

            ជាតុលាការថ្នាក់ខ្ពស់បំផុតរបស់ប្រទេស ដែលពីសម័យសង្គមរាស្រ្តនិយមគេហៅថា សាលា វិនិច្ឆ័យ។ តុលាការនេះពុំមានសិទ្ធិពិនិត្យសើរើច្បាប់របស់អំណាចនិតិប្រតិបត្តិ ឬអំណាចនិតិបញ្ញាត្តិ ទ្បើយ គឺមានសិទ្ធិត្រឹមតែអនុវត្តច្បាប់ដែលអនុវម័តដោយអំណាច​ទាំងពីរប៉ុណ្ណោះ។ តុលាការកំពូល មានសមត្ថកិច្ចដែនដីគ្របដណ្តប់លើផ្ទៃដី នៃព្រះរាជា​ណាចក្រកម្ពុជាទាំងមូល ហើយមានសមត្ថកិច្ច ជំនុំជំរៈលើបណ្តឹងសារទុក្ខ អំពីសាលដីការ របស់តុលាការឧទ្ទរណ៍។

៤.មហាអយ្យការអមតុលាការកំពូល

            ជាស្ថាប័នមួយនៅអមតុលាការកំពូល ដែលមាននាយកដ្ឋាន៣ជាសេនាធិការ

នាយកដ្ឋានស៊ើបអង្កេត និងត្រួតពិនិត្យការស៊ើបអង្កេត នាយកដ្ឋាននេះមានភារកិច្ចជួយព្រះមហា​អយ្យការ ក្នុងការត្រួតពិនិត្យឯកសាររបស់ស្ថាប័ន ឬអង្គការស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើស ឬការ បំពានច្បាប់ ហើយក្នុងករណីចាំបាច់ត្រូវធ្វើការ​ស៊ើបអង្កេតដោយខ្លួនឯងផ្ទាល់។

នាយកដ្ឋានព្រហ្មទណ្ឌ នាយកដ្ឋាននេះមានភារកិច្ចជួយព្រះរាជអាជ្ញាក្នុងការប្រើសិទ្ធិអយ្យការនូវនីតិ វិធីព្រហ្មទណ្ឌ ដូចជាការអានលិខិតចោទប្រកាន់ ធ្វើសេចក្តីសន្និដ្ឋាន ការតាំងខ្លួនជាគូក្តីដើម ការចោទ ប្រកាន់ ឬដកការចោទប្រកាន់ ត្រួតពិនិត្យនិងតាមដានការអនុវត្តន៍សាលក្រមព្រហ្មទណ្ឌ។

នាយកដ្ឋានរដ្ឋប្បវេណី នាយកដ្ឋាននេះមានភារកិច្ចជួយព្រះរាជអាជ្ញា ក្នុងការងារទាក់ទិន និងរឿង វិវាទរដ្ឋប្បវេណី ដូចជារឿងដែលប៉ះពាល់ដល់ផលប្រយោជន៍ អនីតិជន ឬ អសមត្ថជន ប្រមូលពត៌មាន ដែលជាភស្តុតាងដើម្បីឲ្យតំណាងព្រះរាជអាជ្ញាទ្បើងថ្លែងសេចក្តីសន្និដ្ឋាន​ក្នុងសវនាការ។

៥.សាលាឧទ្ទរណ៍

            មានសមត្ថកិច្ចដែនដីគ្របដណ្តប់លើផ្ទៃដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល និងមាន​សមត្ថកិច្ចជំនុំជំរៈលើបណ្តឹងឧទ្ទរណ៍ អំពីសាលក្រមរបស់តុលាការខេត្តក្រុង និងតុលាការយោធា ដោយបើកផ្លូវឲ្យប្តឹងសារទុក្ខ បើភាគីណាមួយនៃគូបណ្តឹងមិនពេញចិត្ត និងសេចក្តីសម្រេចដែល​ចេញ​ដោយសាលាដំបូង អាចធ្វើពាក្យបណ្តឹងឧទ្ទរណ៍មកសាលាឧទ្ទរណ៍ដើម្បីកាត់សេចក្តី​សារជាថ្មី។

៦.សាលាដំបូង

          សាលាដំបូងកាលពីសម័យសង្គមនិយមគឺហៅថា សាលាលហុ ឬសាលាលោកឃុន ដែលជា​តុលាការថ្នាក់ទាបបំផុត រឿងក្តីគ្រប់ប្រភេទត្រូវចាប់ផ្តើមពីសាលាដំបូងទៅ។ សាលាដំបូងមាន​សមត្ថកិច្ចដែនដីលើខេត្តឬក្រុងដែលតុលាការនោះតាំងនៅ (សិទ្ធិទទួលពាក្យ​បណ្តឹងនិងសិទ្ធិជំនុំជម្រះ) ហើយមានសមត្ថកិច្ចជំនុំជម្រះបើកផ្លូវឧទ្ទរណ៍។ សាលាដំបូងមាន​តុលាការខេត្ត-ក្រុង តុលាការយោធា តុលាការពាណិជ្ជកម្ម។

-តុលាការខេត្ត-ក្រុង

            ជាសាលាក្តីជាន់ទាប ដែលមានសមត្ថកិច្ចដែនដីលាតសន្ធឹងលើទឹកដីនៃ​ខេត្តក្រុងទាំងមូល ដែលតុលាការនោះតាំងនៅ។ តុលាការខេត្តក្រុងមាននៅគ្រប់ខេត្ត លើកលែងតែខេត្តមួយចំនួនដែល ទើបតែបង្កើតថ្មី ដូចជាខេត្តប៉ៃលិន ខេត្តកែប និងខេត្តឧត្តរមានជ័យ។ ចំពោះតុលាការក្រុងមាន តុលាការក្រុងភ្នំពេញ និងតុលាការ​ក្រុងព្រះសីហនុ ដែលបច្ចុប្បន្នក្លាយជាខេត្តព្រះសីហនុ ចំណែកក្រុង ថ្មីមួយចំនួនដែល​ទើបនឹងបង្កើតពុំទាន់មានទេ។

-តុលាការយោធា

            មានទីតាំងនៅរាជធានីភ្នំពេញ មានសមត្ថកិច្ចដែនដីលាតសន្ធឹងលើផ្ទៃដីនៃ​ព្រះរាជាណាចក្រ កម្ពុជាទាំងមូល ចំពោះតែរឿងដែលទាក់ទងនឹងបទល្មើសយោធា។ តុលាការយោធាមានសមត្ថកិច្ច ជំនុំជម្រះបើកផ្លូវឧទ្ទរណ៍នូវបទល្មើសយោធា។ បទល្មើសយោធា គឺជាបទល្មើសដែលប្រព្រឹត្តដោយ យោធិននៅក្នុងជួរកងទ័ព ដែលពាក់ព័ន្ធទៅនឹងវិន័យកងទ័ព ឬប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់កម្លាំង ប្រដាប់អាវុធ។ ក្នុងករណីដែលយោធិនប្រព្រឹត្តបទ​ល្មើសព្រហ្មទណ្ឌសាមញ្ញ ត្រូវតុលាការខេត្តក្រុង ជាអ្នកជំនុំជម្រះ។

-តុលាការពាណិជ្ជកម្ម

            តុលាការនេះពុំទាន់មានបង្កើតទេ គ្រោងនិងបង្កើតនៅរាជធានីភ្នំពេញ សម្រាប់ដោះ​ស្រាយតែរឿងវិវាទពាណិជ្ជកម្ម។ សេចក្តីព្រាងច្បាប់ស្តីពីការកែទម្រង់នៃការចាត់តាំងតុលាការកម្ពុជាឆ្នាំ ១៩៩៥ របស់ក្រសួង​យុត្តិធម៌ចែងថា តុលាការពាណិជ្ជកម្មមានសមត្ថកិច្ចជំនុំជំម្រះរឿងវិវាទពាណិជ្ជកម្ម ដែលមាន​ទឹកប្រាក់លើសពី១០លានរៀល។

៧.វេទិការក្រៅផ្លូវការ

            គឹជាការដោះស្រាយជម្លោះដោយពុំចាំបាច់តុលាការ ពិសេសរឿងរដ្ឋប្បវេណីដែលមាន​លក្ខណៈស្រាល។ គ្រប់ជម្លោះមិនមែនសុទ្ធតែត្រូវប្តឹងទៅតុលាការដើម្បីដោះស្រាយតាមច្បាប់នោះទេ គឺអាចដោះស្រាយដោយពឹងផ្អែកលើប្រពៃណី ទំនៀមទំលាប់ តាមរយះការសម្រុះសម្រួល ឬការផ្សះ ផ្សាបាន។ ព្រោះការដោះស្រាយជម្លោះតាមតុលាការបណ្តាលឲ្យមានផលវិបាកខ្លះដល់សង្គម គឺធ្វើឲ្យ សង្គមបែកបាក់ ដោយសារគូភាគីជម្លោះ ក្លាយជាគូសត្រូវនឹងគ្នា។

ក.ការផ្សះផ្សាជម្លោះក្រៅផ្លូវការ

            ប្រជាពលរដ្ឋខ្មែរពិសេសអ្នកដែលរស់នៅតាមជនបទ ច្រើនរត់រកវិធីដោះស្រាយជម្លោះ​តាម​ប្រពៃណីរបស់ខ្លួនក្នុងនោះ ការសម្របសម្រួល ឬការផ្សះផ្សា តាមរយះចាស់ទុំ ឬអ្នកមុខអ្នកការក្នុងភូមិ ជាវិធីដែលគេតែងនិយមប្រើចំពោះ ជម្លោះដែលមានលក្ខណៈស្រាល មិនបណ្តាលឲ្យមានការខូចខាត ផលប្រយោជន៍ ធ្ងន់ធ្ងរនៃគូភាគីក្នុងជម្លោះ ដូចជារឿងទំនាស់​ក្នុងគ្រួសារ ប្តីប្រពន្ធ ទំនាស់ដីធ្លី -ល-។ ហើយនៅពេលខ្លះច្បាប់ជាអ្នកបង្ខំឲ្យផ្សះផ្សាតែម្តង។

ខ.ព្រះរាជសវនការ

            ព្រះរាជសវនការគឺជាវេទិការមួយដែលមានតាំងពីយូរលង់មក និងត្រូវបានបង្កើតទ្បើងវិញ​ក្នុង ឆ្នាំ ១៩៩៣ ដោយព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ។ ប្រជាពលរដ្ឋខ្មែរ​អាចយក​រឿងវិវាទបុគ្គល ឬវិវាទសមូហភាព ទោះជាវិវាទនោះពាក់ព័ន្ធនឹងរាជការក្តី ពាក់ព័ន្ធនឹងសាលក្រម​តុលាការក្តី ថ្វាយព្រះ មហាក្សត្រ ហើយប្រជាពលរដ្ឋ តែងត្រូវបានដោះស្រាយដោយ​ការសម្រុះសម្រួល និងសងជាជម្ងឺចិត្ត។

            ព្រះរាជសវនាការជាពិធីផ្សះផ្សាម៉្យាងរបស់ព្រះមហាក្សត្រ ដែលព្រះអង្គតែងរំលឹក​ដល់គូវិវាទ ទាំងអស់ថា ព្រះអង្គគ្មានសិទ្ធិអំណាចសម្រេចក្តីទេ គ្រាន់តែជួយឲ្យគូក្តី​បានស្រុះស្រួលនឹងគ្នាប៉ុណ្ណោះ និងដោយពុំមានការសម្រេចណាមួយដែលមាន​លក្ខណៈចាប់បង្ខំទ្បើយ។

គ. របៀបដោះស្រាយជម្លោះតាមអាជ្ញាកណ្តាល

            ជារបៀបដោះស្រាយជម្លោះក្រៅផ្លូវតុលាការមួយ បើគូភាគីក្នុងវិវាទស្ម័គ្រចិត្ត ដោយមានចែង ជាស្រេចក្នុងកិច្ចសន្យា (កិច្ចសន្យាធរុកិច្ច ឬពាណិជ្ជកម្ម)នោះនៅពេលមានវិវាទកើតទ្បើង ត្រូវប្តឹងទៅ អាជ្ញាកណ្តាលដែលខ្លួនជ្រើសរើស។ បច្ចុប្បន្ននៅកម្ពុជា អាជ្ញាកណ្តាលពុំទាន់បានបង្កើតទេ គឹកំពុងតែ រៀបចំបង្កើត​ ប៉ុន្តែយើងមានក្រុមប្រឹក្សាអាជ្ញាកណ្តាលមួយសម្រាប់ដោះស្រាយវិវាទការងារ ដែលបាន កើតនៅក្នុងឆ្នាំ ២០០២។

            នៅលើសាកលលោកមានអង្គការអាជ្ញាកណ្តាលពាណិជ្ជកម្មជាច្រើន ដែលមានលក្ខណៈ​ជា អន្តរជាតិ ហើយដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយទំនាស់ដែលកើតចេញពីកិច្ចសន្យា។

ICC =              International Chamber of Commerce បង្កើតនៅក្នុងឆ្នាំ ១៩២៣ នៅក្នុងប្រទេសបារាំង។

LCIA=             London Court of International Arbitration បង្កើតនៅក្នុងឆ្នាំ1991 នៅក្នុងប្រទេសអង់គ្លេស

AAA=              American Arbitration Association បង្កើតនៅក្នុងឆ្នាំ ១៩២៦ នៅក្នុងប្រទេស អាមេរិក

SIAC=            Singapore International Arbitration Center បង្កើតនៅក្នុងឆ្នាំ 1991 នៅប្រទេសសឹង្ហបូរី។ www.siac.org.sg

CIETAC=       China International Economics and Trade Arbitration Commission បង្កើតជាលើក​ដំបូងមិនមែនឈ្មោះ CIETAC តែយើងចាត់ទុកថាបង្កើតនៅក្នុងឆ្នាំ ១៩៥៦ នៅក្នុងប្រទេសចិន។ www.cietac.org.cn

ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ

ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ សម្រាប់ការពារ គោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តរួច។

សភាពនៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញមាន៩រូប ក្នុងនោះមានប្រធាន១រូប និងសមាជិក ៨រូប។ ប្រធានត្រូវបានជ្រើសរើសដោយសហសេវិកទាំង៩រូប តាមភាគច្រើនដាច់ខាត រៀងរាល់៣ឆ្នាំម្តង។ ក្នុងសមាសភាពទាំង៩រូប មាន៣រូបអណត្តិ៣ឆ្នាំ ៣រូបអណត្តិ៨ឆ្នាំ ៣រូបទៀតអណត្តិ៩ឆ្នាំ។ ក្នុង​ចំណោមសមាសភាពទាំង៩រូបមានៈ

-៣រូបតែងតាំងដោយព្រះមហាក្សត្រ ៣រូបជ្រើសតាំងដោយរដ្ឋសភា

-៣រូបទៀតជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សមាជិកទាំងអស់ត្រូវបានតែង តាំងនិងជ្រើសរើសក្នុងចំណោមៈ

  • ឥស្សរជនមានសញ្ជាតិខ្មែរពីកំនើត
  • មានអាយុយ៉ាងតិច៤៥ឆ្នាំ
  • មានបទពិសោធន៍ការងារយ៉ាងតិច១៥ឆ្នាំ
  • មានសញ្ញាប័ត្រឧត្តមសិក្សាក្នុងវិស័យច្បាប់ រដ្ឋបាលការទូត រឺសេដ្ឋកិច្ចទ្បើងទៅ

 ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ អាចពិនិត្យធម្មនុញ្ញភាពនៃច្បាប់បាន លុះត្រាតែមានសំណើរពីៈ

  • ព្រះមហាក្សត្រ
  • ប្រធានព្រឹទ្ធសភា តាមសំណើរមួយភាគបួន (១/៤) នៃសមាជិកព្រឹទ្ធសភា
  • ប្រធានរដ្ឋសភា តាមសំណើរមួយភាគដប់ (១/១០) នៃតំណាងរាស្រ្ត
  • តុលាការកំពូល

 ក្រៅពីពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញមានភារកិច្ចសំខាន់មួយទៀតគឺ ពិនិត្យ ករណីវិវាទកម្ម ទាក់ទងនឹងការរៀបចំបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភា ក្នុង​ករណីដែលប្រជារាស្រ្តមិនសុខចិត្ត និងសេចក្តីសម្រេចរបស់គណៈកម្មការជាតិរៀប​ចំការបោះឆ្នោត (គ.ជ.ប)។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញជាសេចក្តីសម្រេចបិទផ្លូវតវ៉ា

 ឋានុក្រមនៃច្បាប់

I.ដំណើរការនៃការរៀបចំច្បាប់

ពង្រាងច្បាប់នៃរដ្ឋសភា និងព្រឹទ្ធសភាពពិនិត្យរួចត្រូវបានព្រះមហាក្សត្រទ្បាយព្រះហស្តលេខា ប្រកាសឲ្យប្រើ បន្ទាប់មកច្បាប់នោះ ត្រូវចូលជាធរមានច្បាប់នៅភ្នំពេញរយះពេល១០ថ្ងៃ ក្រោយថ្ងៃ​ប្រកាសឲ្យប្រើ និងនៅទូទាំងប្រទេសរយះពេល២០ថ្ងៃក្រោយថ្ងៃប្រកាសឲ្យប្រើ។ ចំពោះច្បាប់ដែល ចែងថាជាការប្រញាប់ ច្បាប់នោះត្រូវចូលជាធរមានភ្លាម នៅទូទាំងប្រទេសក្រោយពីថ្ងៃប្រកាសឲ្យប្រើ

ច្បាប់ដែលព្រះមហាក្សត្រទ្រង់ទ្បាយព្រះហស្តលេខា ប្រកាសឲ្យប្រើត្រូវចុះផ្សព្វផ្សាយនៅក្នុង រាជកិច្ច និងបែងចែកឲ្យទូទាំងប្រទេស។

II.ឋានុក្រមនៃច្បាប់

ច្បាប់មានលំដាប់ខ្ពស់ទាប ហើយច្បាប់ដែលមានលំដាប់ទាបត្រូវតែគោរព និងឲ្យស្របតាម​ច្បាប់ដែលមានលំដាប់ខ្ពស់ជាង។

លំដាប់ថ្នាក់ពីខ្ពស់មកទាបនៃច្បាប់មានដូចតទៅៈ

១.រដ្ឋធម្មនុញ្ញ

            ជាច្បាប់កំពូល ដែលច្បាប់ដទៃទៀតត្រូវតែឲ្យស្របតាម។ ច្បាប់ទាំងទ្បាយដែលផ្ទុយពីរដ្ឋ ធម្មនុញ្ញ ត្រូវក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ប្រកាសអសុពលភាពបាននៅពេលដែលមានការស្នើសុំឲ្យ​ពិនិត្យ។

            រដ្ឋធម្មនុញ្ញដែលចាត់ទុកជាច្បាប់គ្រឹះនៃប្រទេស អាចធ្វើវិសោធនកម្មបាន ក្នុងករណីដែលមាន ការស្នើសុំ។ អ្នកដែលមានសិទ្ធិស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមានៈ

  • ព្រះមហាក្សត្រ
  • នាយករដ្ឋមន្រ្តី
  • ប្រធានរដ្ឋសភាតាមសំណើរមួយភាគបួន(១/4)នៃចំនួនសមាជិករដ្ឋសភាទាំងមូល

ការធ្វើវិសោធនកម្មត្រូវអនុម័តដោយសំលេងឆ្នោតពីរភាគបី (២/៣) នៃសមាជិករដ្ឋសភាទាំង​មូល។

ក្នុងករណីប្រទេសជាតិកំពុងជួបប្រទះនូវភាពអាសន្នដូចជា សង្គ្រាម រឺការឈ្លានពានកាន់កាប់ ទឹកដីរបស់កម្លាំងបរទេសនោះ រដ្ឋធម្មនុញ្ញមិនអាចធ្វើវិសោធនកម្មបានទ្បើយ។ ម៉្យាងទៀតមិន​អនុញ្ញាតឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ននេះបានធ្វើវិសោធនកម្ម ចំនួន៧ដងគឺៈ

  • លើកទី១ ថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ ១៩៩៤ កែប្រែ២៨មាត្រា
  • លើកទី២ ថ្ងៃទី០៤ ខែ មីនា ឆ្នាំ ១៩៩៩ កែប្រែ៧៤មាត្រា
  • លើកទី៣ ថ្ងៃទី០២ ខែ កក្កដា ឆ្នាំ ២០០១ កែប្រែមាត្រា ១៩ និង ២០
  • លើកទី៤ ថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ ២០០៤ ធ្វើច្បាប់រដ្ឋធម្មនុញ្ញបន្ថែមមួយដោយសារជាប់ គាំងការបោះឆ្នោត អ្នកចាញ់មិនព្រមចាញ់
  • លើកទី៥ ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០០៥ កែប្រែមាត្រា៨៨ និង ១១១ថ្មី
  • លើកទី៦ ថ្ងៃទី០២ ខែ មីនា ឆ្នាំ ២០០៦ កែប្រែមាត្រា ៨២,៨២ថ្មី, ៩៨, ១០៦, ១១១ថ្មី, ១១៤ថ្មី, និងមាត្រា៦ នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម
  • លើកទី៧ ថ្ងៃទី១៥ ខែ កុម្ភះ ឆ្នាំ ២០០៨ កែប្រែមាត្រា ១៤៥ថ្មី និង ១៤៦ថ្មី

២.ច្បាប់អន្តរជាតិ

            ច្បាប់អន្តរជាតិជាច្បាប់ដែលមានឋានុក្រមទាបបន្ទាប់ពីរដ្ឋធម្មនុញ្ញ។ ច្បាប់អន្តរជាតិ​ដែលអាច យកមកអនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាបាន លុះត្រាតែរដ្ឋសភា និង ព្រឹទ្ធសភាបានអនុម័ត និង បន្ទាប់មកបានប្រទានសច្ចាប័នដោយព្រះមហាក្សត្រ។

៣.ច្បាប់គោល រឺច្បាប់រៀបំអង្គការ (ឆ្លងអង្គការនិតិបញ្ញាត្តិ “រដ្ឋសភា និង ព្រឹទ្ធសភា “ )

            ជាច្បាប់ដែលទាក់ទងនៃការបង្កើត រឺរៀបចំស្ថាប័នដែលត្រូវអនុម័តដោយរដ្ឋសភា ព្រឹទ្ធសភា និង ប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ រឺប្រមុខរដ្ឋស្តីទី។

ខាងក្រោមនេះគឺជាកម្រងច្បាប់ដែលអនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា

រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស

ក្រមនីតិវិធីព្រហ្មទណ្ឌ

ច្បាប់ប្រឆាំងអំពើរពុករលយ

ច្បាប់ភូមិបាល

ច្បាប់ចរាចរណ៍ផ្លូវគោកក្នុងព្រះរាជាណាចក្រកម្ពុជា

ច្បាប់ការងារព្រះរាជាណាចក្រកម្ពុជា

ច្បាប់ស្តីពីការរៀបចំទឹកដី នគរូបនីយ៍កម្មនិងសំណង់

ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ

ច្បាប់ស្តីពីរបបសារព័ត៌មាន

ច្បាប់ស្តីអំពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល

ច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ

ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា

ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា

ច្បាប់ស្តីពីការរៀបចំរោងចក្រនិងសិប្បកម្ម

ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានប្រយោជន៍និងគំរូឧស្សាហកម្ម

ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម

ច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជកម្ម

ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសឃុំប្រឹក្សាឃុំសង្កាត់

23 Responses to ច្បាប់

  1. ជីវន្ត័ ថា:

    ខ្ញុំសូមឲ្យបងជួយបកស្រាយពីតួនាទីនិងភារកិច្ចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល​ បាន​ទេ?

  2. ជីវន្ត័ ថា:

    សូមជួយបកស្រាយឲ្យឃើញពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល?

    • សូមអភ័យទោសផងដោយសារការជាប់មមារញឹកជាមួយនិងកិច្ចការរបស់ខ្ញុំ ដូច្នេះវាមានការយឺតយ៉ាវបន្តិច។ ប្រហែលជាចម្លើយរបស់ខ្ញុំមិនជាទីពេញ​ចិត្តរបស់លោកអ្នកទេនៅពេលនេះ ព្រោះខ្ញុំព្យាយាមស្វែងរកនូវឯកសារដែលជាប់ពាក់ព័ន្ធដែរតែនៅតែរកមិនឃើញ។ អាស្រ័យហេតុនេះសូមអធ្យាស្រ័យ។ ហើយនេះជាគេហទំព័ររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល សូមលោកអ្នកចូលទៅស្រាវជ្រាវដោយផ្ទាល់ខ្លួនចុះ!

    • saron ថា:

      ជាបឋមខ្ញុំសូមអភ័យទោសចំពោះការឆ្លើយនូវសំណួររបស់លោកជីវ័ន្តបើការឆ្លើយនេះខុសឬយ៉ាងណានោះសូមទុកជាគំនិតមួយក្នុងការពិចារណាព្រោះថាចំលើយណាមួយក៏មិនមានភាពច្បាស់លាស់ទេតែយើងត្រូវស្វែងយល់ដោយខ្លួនឯង ។
      ចំពោះតួនាទីនិងភារកិច្ចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលមានតួនាទីនៅពេលមានអធិករកើតមានឡើងរវាងកម្មករនិយោជិតនិងនិងនិយោជកពេលនោះភាគីទាំងពីត្រូវសំរេចចិត្តជ្រើសរើសស្ថាប័នដែលមានសមត្ថកិច្ចក្នុងនោះមានពីធំៗគឺ
      ១-​ ស្ថាប័នតុលាការ
      ២-​ ក្រុមប្រឹក្សាអាជ្ញាកណ្តាល
      ចំពោះស្ថាប័តុលាការនេះកាលណាភាគីណាមួយមិនសុខចិត្តទៅនិងការសំរេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលទេដោយហេតុថាមានការសំរេចលំអៀងទៅភាគីណាមួយនោះអញ្ចឹងហើយដែលចាញ់នោះអាចដាក់ពាក្យប្តឹងទៅតុលាការដោយខ្លូនយល់ឃើញថាស្ថាប័ននេះមានភាពយុត្តិធម៌និងមានភាពសុក្រឹត្រជានោះ។
      ចំនែកឯក្រុមប្រឹក្សាអាជ្ញាកណ្តាលវិញនៅមានវិវាទកើតមានឡើងរវាងកម្មករនិយោជិតនិងនិយោជកនោះភាគីទាំងពីសំរេចចិត្តជ្រើសរើសក្រុមប្រឹក្សាអាជ្ញាកណ្តាលដោយយល់ឃើញថាចំណាយពេលវេលាតិចហើយមិនមានការចំណាយច្រើននូវថវិការហើយក្នុងនេះបានបញ្ជា់ផងដែរថាក្រុមប្រឹក្សាអាជ្ញកណ្តាលនេះមានភារកិច្ចសំរបសំរួលរាល់ពេលមានវិវាទកើតឡើងនោះ។

  3. Roth tanakpiseth ថា:

    ខ្ងុំសុំសូរទៅបងៗ១សំណូរ
    ១.ហេតុអ្វីបានជាគេចូលចិត្តដោះជំលោះក្រៅប្រព័ន្ឋតុលាការ?

    • ខ្ញុំសូមលើកយកវិស័យកាត់ដេរមកនិយាយ។ វាអាស្រ័យទៅលើវិវាទ តើវិវាទនោះជាវិវាទបុគ្គល រឺវិវាទរួម? ប្រសិនបើជាវិវាទរួម យើងធ្វើការដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល បន្ទាប់ពីការមិនសះជាគ្នា ដែលត្រូវបានធ្វើការដោះស្រាយ​នៅក្រសួងការងារ។ ដោយសារនៅក្នុងប្រទេសកម្ពុជា ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នជាតិ ឯករាជ្យមួយ ដែលមានអំណាចសម្រេចសេចក្តី ដូចមានចែងនៅ ក្នុងច្បាប់ស្តី ពីការងារ​របស់ព្រះរាជាណាចក្រកម្ពុជា។ ហេតុអ្វីបានជាគេមិនជ្រើសរើសការដោះស្រាយវិវាទ តាមប្រព័ន្ធតុលាការ? ព្រោះក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដោយមានការ គាំទ្រ ពីសំណាក់​ក្រសួងការងារ សមាគមន៍និយោជក និងសហជីព។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល មានអំណាច តាមច្បាប់ ដើម្បីជួយភាគី វិវាទ​ដោះស្រាយវិវាទការងាររួមនៅក្នុងប្រទេសកម្ពុជា។

  4. vanna group P4C1 at Rule ថា:

    សួរស្ដីបងៗ តើបងមានអនុក្រិត្យស្ដីពីអាត្រានុកូលដ្ឋានដែររឺអត់ បើមានអាចផ្ញើតាមEmail: vanna_2012.vip31@yahoo.com ផងណា។ អគុណទុកជាមុនណា

  5. សយ​ ភារម្យ ថា:

    សួរស្ដីបងៗ សូមបង​ជួយបក​ស្រាយច្បាប់អាពាហ៍ពិពាហ៍ជាមួយបរទេស។ហេតុអ្វីបានគេ​យក​នីតិអន្តរជាតិមក​ដោះស្រាយ?

    • Khunbopha ថា:

      បើសិនតាមខ្ញុំយល់ដឹងពីការសិក្សាច្បាប់នោះ នៅពេលដែលមានការទំនាក់ទំនងរវាងបុគ្គលអន្តរជាតិយើងត្រូវយកច្បាប់អន្តរជាតិមកនិយាយបកស្រាយ ព្រោះប្រសិនជាយើងយកច្បាប់ជាតិមកធ្វើការបកស្រាយគឺវាតម្រូវតែជាតិយើងប៉ុណ្ណោះ ។​ ដូច្នោះទើបគេយកច្បាប់អន្តរជាតិមកអនុវត្តដោយសារវាមានការគោរពនូវគោលគំនិតរបស់ប្រទេសនីមួយៗលើពិភពលោក​រួមមាន ច្បាប់អាពាហ៍ពិពាហ៍ ច្បាប់សញ្ញតិ ច្បាប់អន្តោប្រវេសន៍ជាដើម។

  6. ខ្ញុំចូលចិត្តwebeside នេះណាស់, សូមអរគុណ!

  7. ល័ក្ខ ថា:

    នាងសុំសួរថា ចូរនិយាយពីប្រភពនីតិអន្តរជាតិឯកជនខ្មែរ.

  8. Heang Sok ថា:

    Dear Mr ! how are you?
    May i ask you about Pravite International Law? I want to to detail Erroer Law in Pravite International Law. Thank in advance

  9. Khunbopha ថា:

    សូមបងជួយបកស្រាយអំពីអត្ថប្រយោជន៍ប្រព័ន្ធច្បាប់សីុវិលបានដែរប្ញទេ?

  10. sambath ថា:

    សូមបងជួយបកស្រាយស្ដីពី ស្ថាប័នតុលាការ ផងបានទេ?

  11. pich vannak ថា:

    ខ្ញុំពេញចិត្ដឯកសានេះណាស់ !!!!

  12. នីតិវិធីទាញហេតុផលផ្ទាលមាត់

  13. ១.នីតិវិធីទាញហេតុផលផ្ទាលមាត់
    ២.នីតិវិធីត្រាមទាញហេតុផល
    ៣.សមត្ថកិច្ចតុលាការ
    ៤.ភស្ថុតាង
    ៥.ភាគីក្នុងនីតិធីរដ្ឋប្បវេណី
    ៦.សាលក្រម

  14. ១.ការដាក់ពាក្យបណ្តឹង
    ២.នគបាលយុត្តិធម៏
    ៣.អយ្យការ
    ៤.ចៅក្រមស៊ើសួរ
    ៥.ចៅក្រមជុំនំជុះរះ
    ៦ការអនុវត្តសាលក្រម
    សួមមេត្តាជួយខ្ញុុុុំទៅតាមលទ្ធភាពរបស់លោក ព្រោះខ្ញុំចង់ដឹងជាខ្លាំង សូមអគុណ

  15. NEM MESA ថា:

    Good website thanks and a lot of document need me

  16. Pen Rany ថា:

    តើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមមានតួនាទីអ្វីខ្លះ?

  17. Soy Borey ថា:

    សុំទោសបងតើអាចផ្ដល់ឯកសារ បេតិកភណ្ឌគ្រួសារ ឱ្យខ្ញុំផង! សូមអរគុណបង!

  18. Vatey ថា:

    ខ្ញំុសូមឲបងជួយបង្ហាញពីបេសកម្មនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រោះខ្ញុំមិនទាន់យល់ច្បាស់ពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះទេ

ទំលាក់ មួយចំលើយតប ទៅ ជីវន្ត័ បោះ​បង់​ការ​ឆ្លើយ​តប