សុខភាព

អាការៈ​ចុក​ដើមទ្រូង​

មនុស្ស​ជាច្រើន​ដែល​មាន​ ការយល់ច្រលំ​រោគសញ្ញា​នៃ​ការ​ចុក​ដើមទ្រូង​ជាមួយនឹង​ជំងឺ​គាំងបេះដូង​។ ការ​ចុក​ដើមទ្រូង​មិន​ធ្ងន់ធ្ងរ​ដូច​ជំងឺ​គាំងបេះដូង​នោះទេ ប៉ុន្តែ​វា​ក៏​មាន​លក្ខណៈ​ក្បែរៗ​នោះដែរ​។ អ្នក​ត្រូវ​ចាត់ទុក​ថា​ការ​ចុក​ទ្រូង​គឺជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​បេះដូង​។​

​ ​ការ​ចុក​ដើមទ្រូង​កើតឡើង​ នៅពេល​ដែល​បេះដូង​ទទួល​ឈាម​និង​អុកស៊ីហ្សែន​មិន​គ្រប់គ្រាន់ ដែល​អាច​បង្ករ​ឱ្យមាន​អាការៈរកក​ល់ចង់​ក្អូត វិលមុខ ឬ​ចុក​ដើមទ្រូង​។ ការ​ចុក​ដើមទ្រូង​នេះ​មិនមែន​ជា​ជំងឺ​នោះទេ​។ វា​គឺជា​រោគសញ្ញា​នៅក្រោម​បញ្ហា ដែល​ច្រើនតែ​ជា​បញ្ហា​ជំងឺ​សរសៃឈាម​បេះដូង​។​

​ ​វេជ្ជបណ្ឌិត ដេវីត កាពូ​ហ្ស៊ី (David M. Capuzzi) និយាយថា “​នៅពេល​ដែល​អ្នក​មានកា​រ​ចុក​ដើមទ្រូង​ធ្ងន់ធ្ងរ អ្នក​នឹង​មាន​គ្រោះថ្នាក់​ខ្ពស់​ក្នុង​ការ​មាន​បញ្ហា​បេះដូង​ភ្លាមៗ ដូចជា​គាំងបេះដូង ឬ​សាច់ដុំ​បេះដូង​ឈប់​កន្ត្រាក់​ភ្លាមៗ​។ អ្នក​ដែល​មាន​បញ្ហា​បេះដូង​ធ្ងន់ធ្ងរ​មិន​មាន​ការ​ចុក​ដើមទ្រូង​ជា​ ការព្រមាន​មុន​នោះ​ទេ​”​។​

​ ​អ្វី​ដែល​បង្កើន​តម្រូវការ​ របស់​បេះដូង​ក្នុង​ការទាមទារ​អុកស៊ីហ្សែន ដូច​ជា​ការ​ហាត់ប្រាណ ឬ​ភាព​តានតឹង​ផ្លូវចិត្ត អាច​បង្កើន​រយៈពេល​នៃ​ការ​ចុក​ដើមទ្រូង​។ ការ​ចុក​នេះ​ច្រើន​តែ​មាន​រយៈពេល ៥​នាទី និង​មិន​មាន​បង្ករ​ការខូចខាត​ដល់​បេះដូង​នោះទេ​។ ប៉ុន្តែ​មូលហេតុ​ដើម​របស់​វា​អាច​ជា​ការគំរាមកំហែង​ដល់​អាយុជីវិត​។​

​ ​អ្នក​អាច​កាត់បន្ថយ​កម្រិត​ នៃ​ភាព​ចុក​បាន​ដោយ​ប្រើ nitroglycerine, beta-blockers ឬ​ថ្នាំ​ផ្សេង​ទៀត​ដែល​ពង្រីក​សរសៃឈាម​ឬ​កាត់​បន្ថយ​ការទាមទា​ម​អុកស៊ីហ្សែន ​របស់​បេះដូង​។ បន្ថែម​ពីលើ​នេះ​ទៅទៀត វា​ជា​កត្តា​សំខាន់​ដែល​អ្នក​ត្រូវ​ផ្លាស់ប្តូរ​របៀប​រស់នៅ​ដើម្បី​ កាត់បន្ថយ​កាត់បន្ថយ​ការវាយប្រហារ​និង​បង្ការ​បញ្ហា​មិន​ឱ្យ​កាន់តែ​ ធ្ងន់ធ្ងរ​។​

​ ​ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដែល​អ្នក​អាច​ខ្លួនឯង​នៅផ្ទះ សម្រាប់​ទប់ទល់​ជាមួយ​នឹង​ការ​ចុក​ដើមទ្រូង​នេះ​៖

​ គ្រប់គ្រង​កូលេ​ស្តេ​រ៉ូល​៖ វេជ្ជបណ្ឌិត ហូ​វ៉ាត វីត​ស៍ (Howard Weitz) ជាមួយនឹង​សារធាតុ​ខ្លាញ់​ផ្សេងទៀត​ដែល​នៅក្នុង​ឈាម កូលេ​ស្តេ​រ៉ូ​លនឹង​ប្រមូលគ្នា​បន្តិច​ម្តងៗ​នៅលើ​ស្រទាប់​សរសៃឈាម ហើយ​និង​រារាំង​លំហូរ​ឈាម​ទៅកាន់​បេះដូង​។ ប្រសិនបើ​អ្នក​ចេះ​តែ​ចុក​បេះដូង​ជា​បន្តបន្ទាប់ វា​ប្រហែលជា​មានន័យថា ការប្រមូលផ្តុំ​នៃ​សារធាតុ​ខ្លាញ់​អាច​នឹង​ឡើង​ដល់​កម្រិត​គ្រោះថ្នាក់​។​

​ ​រក្សា​កម្រិត​កូលេ​ស្តេ​រ៉ូល ​សរុប​របស់​អ្នក​ឱ្យ​ក្រោម ២០០​។ បន្ថែម​ពីលើ​នេះ កូលេ​ស្តេ​រ៉ូល​មិន​ល្អ​គួរតែ​នៅក្រោម ១០០​។ ក្រៅ​ពី​ការប្រើប្រាស់​ថ្នាំពេទ្យ ការកាត់បន្ថយ​ជា​តិខ្លាញ់​ក្នុង​របប​អាហា​ររបស់​អ្នក​គឺជា​វិធីសាស្ត្រ​ល្អ​ បំផុត​ក្នុង​ការគ្រប់គ្រង​កូលេ​ស្តេ​រ៉ូល​។​

​ ​វេជ្ជបណ្ឌិត គ្រីស្ទី​ន ណា​ភី (Kristine Napier) និយាយថា កូលេ​ស្តេ​រ៉ូល​មិនល្អ​ច្រើន​មាន​នៅក្នុង​សាច់ អាហារ​សម្បូរ​ខ្លាញ់ និង​អាហារសម្រន់​។ ប្រសិនបើ​អ្នក​មាន​កូលេ​ស្តេ​រ៉ូល​ខ្ពស់ អ្នក​គួរ​កំហិត​ការ​ញ៉ាំ​សាច់​ក្រហម មិន​ឱ្យ​ច្រើនជាង​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍ និង​ជៀសវាង​ការ​ញ៉ាំ​អាហារ​សម្រន់​ដែល​ចម្អិត​ពី​ប៊ឺរ​ឬ​ខ្លាញ់​ផ្សេងៗ​។​

​ បន្ថែម​អាហារ​ជាតិ​សរសៃ​ក្នុង​របប​អាហារ​៖ ជាតិ​សរសៃ​មាន​នៅក្នុង​គ្រាប់​ធញ្ញជាតិ ផ្លែឈើ និង​បន្លែ​ផ្សេងៗ​។ វា​ជួយ​ការពារ​មិន​ឱ្យ​កូលេ​ស្តេ​រ៉ូល​ឆ្លងកាត់​ជញ្ជាំង​នៃ​ពោះវៀន​ ចូលទៅក្នុង​ចរន្ត​ឈាម​។ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​ក៏​ជួយ​ចម្អែ​ន​ក្រពះ​បានយូរ មានន័យ​ថា អ្នកនឹង​ទទួលទាន​អាហារ​ផ្សេងៗ​ទៀត​តិចជាង​មុន​។​

​ញ៉ាំ​ម្ហូបបួស​៖ អាហារ​គ្មាន​សាច់​មិនមែន​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ ប៉ុន្តែ​វា​គឺជា​អាហារ​ល្អ​បំផុត​សម្រាប់​អ្នកមាន​អាការៈ​ចុក​ដើមទ្រូង ដើម្បី​ជួយ​គ្រប់គ្រង​ដើមហេតុ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​បាន​ខ្លះ​។ ម្ហូបបួស​មិន​ត្រឹមតែ​មាន​ជាតិ​ខ្លាញ់​ទាប​នោះទេ វា​ក៏​ផ្តល់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជា​សមាសភាគ​ជួយ​បង្ការ​កូលេ​ស្តេ​រ៉ូ​លមិន​ឱ្យ​នៅ​ជាប់​ជាមួយ​នឹង​ស្រោម ​សរសៃឈាម​ផងដែរ​។​

​ ​វេជ្ជបណ្ឌិត វីត​ស៍ និយាយថា “​របប​អាហារ​អាច​កាត់បន្ថយ​កូលេ​ស្តេ​រ៉ូ​លបាន​ដល់ទៅ ២០​ភាគរយ​។ ក្នុងពេល​ជាមួយគ្នា​នោះដែរ វា​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​គាំងបេះដូង​បាន​ដល់​ទៅ ២៥​ភាគរយ ប្រសិនបើ​អ្នក​អាច​បន្ថយ​កម្រិត​កូលេ​ស្តេ​រ៉ូ​លមិន​ល្អ​ទៅ​ដល់​ត្រឹម​ យ៉ាងច្រើន ១០០ ដែល​ធ្វើឱ្យ​កំណក​សារធាតុ​ខ្លាញ់​នៅលើ​សរសៃឈាម​មាន​ស្ថេរភាព​។ ប៉ុន្តែ​ជា​ញឹកញាប់ អ្នកជំងឺ​ត្រូវ​ការប្រើ​ថ្នាំ​បន្ទាប​កូលេ​ស្តេ​រ៉ូល​ដើម្បី​ទៅ​ដល់​គោលដៅ​ មួយនេះ​”​។​

​ធ្វើ​លំ​ហាត់ប្រាណ​៖ វេជ្ជបណ្ឌិត វីត​ស៍ និយាយថា “​ការ​ហាត់ប្រាណ​គឺជា​សមាសភាគ​ធំ​បំផុត​នៃ​ជីវិត​រស់នៅ​ក្នុង​ការបង្កា​រ​ ជំងឺ​បេះដូង បើ​ទោះជា​យើង​តែងតែ​ប្រាកដថា​អ្នកជំងឺ​ត្រូវ​ប្រើប្រាស់​ថ្នាំ​ឱ្យ​ ត្រឹមត្រូវ​ក៏ដោយ​។ ខិតខំ​ព្យាយាម​ហាត់ប្រាណ​ឱ្យបាន ២០ ទៅ ៣០​នាទី រយៈពេល ៦ ទៅ ៧ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​”​។​

​ ​អ្នក​គួរ​ពិភាក្សា​ជាមួយ​ គ្រូពេទ្យ​មុននឹង​ចាប់ផ្តើម​ធ្វើ​គ្រោងការណ៍​ហាត់ប្រាណ ប្រសិនបើ​អ្នក​មាន​អាការៈ​ចុក​ដើមទ្រូង​។ អ្នកនឹង​បានទទួល​ការណែនាំ​ក្នុង​ការចាប់ផ្តើម ឧទាហរណ៍​៖ អ្នក​គួរ​ចាប់ផ្តើម​ពី​ការដើរ​ចម្ងាយ​ខ្លី ឬ ការ​ហែល​ទឹក និង​បន្ទាប់មក​ទើប​បង្កើន​ការ​ហាត់ប្រាណ​បន្តិច​ម្តងៗ​។​

​ហាត់ប្រាណ​ នៅ​ពេល​ល្ងាច​៖ វេជ្ជបណ្ឌិត កាពូ​ហ្ស៊ី និយាយថា ការ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​អាច​បង្ករ​ឱ្យមាន​គ្រោះថ្នាក់​ដល់​អ្នក​ដែល​មាន ​អាការៈ​ចុក​បេះដូង ព្រោះ​អ័រម៉ូន ដូចជា cortisol និង norepinephrine កើន​ឡើង​នៅ​ពេលយប់ និង​ឡើង​ខ្ពស់​បំផុត​នៅ​ពេល​ព្រឹក​។ កម្រិត​នេះ​នឹង​នៅ​ខ្ពស់​រហូតដល់​ពេល​ថ្ងៃ ដែល​ធ្វើឱ្យ​ការ​ហាត់ប្រាណ​ខ្លះ​មិន​សាក​សម​ជាមួយនឹង​អ្នកជំងឺ​ចុក​ដើមទ្រូង ​ក្នុង​ការអនុវត្ត​នៅ​ពេល​ព្រឹក​នោះទេ​។​

​ទទួលទាន​តិចៗ​៖ ការ​ទទួលទាន​ច្រើន​អាច​បង្កើន​អាការៈ​ចុក​ដើមទ្រូង ព្រោះ​ឈាម​នឹង​បង្វែរ​ទៅកាន់​ពោះវៀន​ក្នុងពេល​រំលាយ​អាហារ ដែល​នឹង​ធ្វើឱ្យ​កាត់បន្ថយ​ឈាម​ដែល​រត់​ទៅ​កាន់​បេះដូង​។ អ្នកជំងឺ​ខ្លះ​អាច​កាត់បន្ថយ​អាការៈ​នេះ​ដោយការ​បរិភោគ​អាហារ​តិចៗ​ពី ៥ ទៅ ៦ ដង ក្នុង​មួយ​ថ្ងៃ ជា​ជាង​ការទទួល​ទាន​អាហារ​ច្រើន​ក្នុងពេល ២ ទៅ ៣ ដង ក្នុង​មួយ​ថ្ងៃ​។​

​រក្សា​ទម្ងន់​ដែល​សមស្រប​៖ ទម្ងន់​ដែល​កាន់តែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នឹង​ធ្វើឱ្យ​អ្នក​កាន់តែ​មាន ​គ្រោះថ្នាក់​ជំងឺ​បេះដូង​។ ទីមួយ​៖ បេះដូង​ត្រូវ​ធ្វើការ​កាន់តែច្រើន​ដើម្បី​ផ្គត់ផ្គង់​ឈាម​ទៅកាន់​ជាលិកា​ បន្ថែម​នោះ​។ និង​ទី​ពីរ​៖ ការ​ធាត់​លើស​ទម្ងន់​អាច​នឹង​ធ្វើឱ្យ​មាន​កម្រិត​កូលេ​ស្តេ​រ៉ូល​កើនឡើង ដែល​ធ្វើឱ្យ​ឈាម​កាន់តែ​ពិបាក​ក្នុង​ការ​រត់​ទៅ​កាន់​កន្លែង​ផ្សេងៗ​នៃ​ រាង្គ​កាយ​។​

​នៅ​ឱ្យ​ឆ្ងាយ​ពី​បារី​៖ មិន​ថា​អ្នក​ជក់បារី​ខ្លួនឯង​ផ្ទាល់​ឬ​ប៉ះពាល់​ជាមួយនឹង​ផ្សែង​បារី​នោះទេ ឥឡូវនេះ​គឺជា​ពេល​ដែល​ត្រូវ​សម្អាត​បរិយាកាស​ហើយ​។ ការជក់បារី​ត្រឹមតែ​មួយ​ដើម​ប៉ុណ្ណោះ អាច​កាត់បន្ថយ​ការផ្គត់ផ្គង់​អុកស៊ីហ្សែន​ទៅកាន់​បេះដូង ដែល​បង្ករ​ឱ្យ​អ្នក​ចុក​ដើមទ្រូង​កាន់តែខ្លាំង​។​

​ទទួលទាន​ថ្នាំ​ អាស្ពីរីន​៖ ជាទូទៅ​អ្នកជំនាញ​យល់ស្រប​ឱ្យ​ប្រើ​ថ្នាំ​អាស្ពីរីន​ចំនួន ៣២៥​មី​លី​ក្រាម ជា​រៀងរាល់ថ្ងៃ ប្រសិនបើ​ក្រពះ​របស់​អ្នក​អាច​គ្រប់គ្រង​វា​បាន​។ វា​មិន​អាច​បញ្ឈប់​ការ​ចុក​ដើមទ្រូង​បាន​នោះទេ ប៉ុន្តែ​វា​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ឈាមកក​ដែល​អាច​ធ្វើឱ្យ​មាន​ជំងឺ​ គាំងបេះដូង​។ ការពិតទៅ ការ​ទទួលទាន​ថ្នាំ​អាស្ពីរីន​រៀងរាល់ថ្ងៃ អាច​កាត់បន្ថយ​គ្រោះថ្នាក់​ជំងឺ​បេះដូង​បាន ២៨​ភាគរយ​។​

​បន្ថែម​ វីតាមីន E៖ វីតាមីន E គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​បង្ការ​ដំណើរការ​អុកស៊ីត​កម្ម ដែល​ម៉ូលេគុល​ខ្វះ​អុកស៊ីហ្សែន​មាន​កាន់តែ​ច្រើន​ក្នុង​ឈាម ដែល​ធ្វើឱ្យ​កាន់តែ​ងាយ​ស្អិត​ជាប់​នឹង​សរសៃឈាម និង​កាត់បន្ថយ​លំហូរ​ឈាម​ទៅកាន់​បេះដូង​។ វេជ្ជបណ្ឌិត កាពូ​ហ្ស៊ី និយាយថា “​វីតាមីន E មាន​សារសំខាន់​យ៉ាង​ពិសេស​ចំពោះ​អ្នក​ជក់បារី ឬ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​មាន​សម្ពាធ​អុកស៊ីតកម្ម​ខ្ពស់​។ គាត់​ណែនាំ​ឱ្យ​ទទួលទាន​វីតាមីន E ចំនួន ៤០០ IU ជា​រៀងរាល់ថ្ងៃ​”​។​

​ ទទួលទាន​វីតាមីន C បន្ថែម​៖ វីតាមីន C គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​បង្ការ​កូលេ​ស្តេ​រ៉ូ​លមិន​ឱ្យ​ ស្អិ​តជាប់​លើ​សរសៃឈាម​។ វេជ្ជបណ្ឌិត កាពូ​ហ្ស៊ី ណែនាំ​ឱ្យ ទទួលទាន​វីតាមីន C ចំនួន ៥០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ គាត់​បន្ថែមថា “​ប៉ុន្តែ មាន​ការអះអាង​មួយចំនួន​និយាយថា ការ​ទទួលទាន​វីតាមីន C ឬ E ច្រើនពេក អាច​បង្កើន​សម្ពាធ​អុកស៊ីត​កម្ម និង​ប្រហែលជា​មាន​គ្រោះថ្នាក់​ច្រើន​ជាង​ផ្តល់​ផល​ល្អ​”​។​

​មាន​ភាព​ ស្ងៀមស្ងាត់​ក្នុង​ជីវិត​៖ ភាព​តានតឹង​ផ្លូវចិត្ត​គឺជា​ផ្នែក​មួយ​ដែល​មិន​អាច​គេច​ផុត​បាន​ក្នុង​ជីវិត ​ប្រចាំថ្ងៃ ប៉ុន្តែ​នៅពេលដែល​ភាព​តានតឹង​និង​ភាព​តប់ប្រមល់​កើនឡើង តម្រូវការ​ឈាម​និង​អុកស៊ីហ្សែន​របស់​រាង្គ​កាយក៏​កាន់តែ​កើនឡើង ដែល​ធ្វើឱ្យ​មាន​អាការៈ​ចុក​ដើមទ្រូង​។ ការ​ហាត់ប្រាណ​ជាប្រចាំ​គឺជា​វិធី​ល្អ​បំផុត​ក្នុង​ការកាត់បន្ថយ​ភាព​តានតឹង ​។​

​ករណី​ត្រូវ​រក​គ្រូពេទ្យ​៖ មនុស្ស​ភាគច្រើន​ដែល​មាន​អាការៈ​ចុក​ដើមទ្រូង មាន​ស្ថានភាព​មួយ​ហៅថា ការ​ចុក​ដើមទ្រូង​រ៉ាំរ៉ៃ​ដែល​គ្មាន​ការផ្លាស់ប្តូរ​។ នេះ​មានន័យ​ថា វា​កើត​ឡើង​នៅពេលដែល​ពួកគេ​មាន​សកម្មភាព ដូចជា ក្នុងពេល​ហាត់ប្រាណ ឬ​នៅ​ពេល​មាន​ភាព​តានតឹង​ផ្លូវចិត្ត ដែល​ការឈឺចាប់​នោះ​នឹង​មាន​រយៈពេល​យ៉ាងយូរ ៥ នាទី​។ ការ​ចុក​ដើមទ្រូង​រ៉ាំរ៉ៃ​ដែល​គ្មាន​ការផ្លាស់ប្តូរ​នេះ ច្រើន​តែ​អាច​គ្រប់គ្រង​បាន​ដោយ​ការប្រើ​ថ្នាំពេទ្យ​រួមផ្សំ​នឹង​ ការផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ​។​

​ ​ផ្ទុយទៅវិញ ការឈឺចាប់​ដើមទ្រូង​ដែល​ក្លាយទៅជា​ធ្ងន់ធ្ងរ​ភ្លាមៗ គឺជា​ករណី​ធ្ងន់ធ្ងរ​។ វា​អាច​កើតឡើង​គ្រប់ពេលវេលា ទោះ​ជា​ពេល​អ្នក​កំពុង​សម្រាក​ក៏ដោយ ហើយ​ការឈឺចាប់​អាច​មាន​រយៈពេល ២០ នាទី ឬ​យូរ​ជាង​នេះ​។​

​ ​វេជ្ជបណ្ឌិត កាពូ​ហ្ស៊ី និយាយថា “​ប្រសិនបើ​ការ​ចុក​ដើមទ្រូង​របស់​អ្នក​មាន​ការផ្លាស់ប្តូរ (​រោគសញ្ញា​ដូច​ជា​ការ​ចុកចាប់ ឬ ដកដង្ហើម​ដង្ហក់ កាន់តែ​ខ្លាំង​ឡើង ឬ​មិន​ឈប់ឈរ​) អ្នក​គួរតែ​ប្រញាប់ប្រញាល់​ទៅ​រក​គ្រូពេទ្យ​ជាបន្ទាន់​។​

​ ​គាត់​បន្ត​ថា “​មុននឹង​ធ្វើ​ដំណើរ​ទៅ​រក​គ្រូពេទ្យ អ្នក​គួរ​ទំពារ​ថ្នាំ​អាស្ពីរីន​មួយ​ឬ​ពីរ​គ្រាប់ ជាមុនសិន​។ ថ្នាំ​អាស្ពីរីន​ជួយ​បន្ថយ​សម្ពាធ​ឈាម និង​អាច​ជួយ​រំលាយ​កំណក​ឈាម ដែល​អាច​រាំងស្ទះ​ចរន្តឈាមរ​ត់​ទៅកាន់​បេះដូង​។ វា​ជា​កត្តា​សំខាន់​ដែល​អ្នក​ដែល​មាន​អាការៈ​ចុក​ដើមទ្រូង​និង​ជំងឺ​សរសៃឈាម ​បេះដូង​ត្រូវ​រក្សា​ថ្នាំ​អាស្ពីរីន​ដែល​អាច​ទំពារ​បាន​ទុក​ជាប់​ខ្លួន​”​។ ​

អត្ថបទស្រាវជ្រាវនិងប្រែសម្រួលដោយកញ្ញា សុភាវី

វិធីសាស្ត្រ​ក្នុង​ការដោះ​ស្រាយ​​បញ្ហា​​ស្បែក​​ខូច​ដោយ​សារ​កម្តៅ​ថ្ងៃ

សញ្ញា ​នៃ​ស្បែក​ខូច​ដោយ​សារ​កម្តៅថ្ងៃ មានដូចជា ស្បែក​ជ្រីវជ្រួញ​, ស្នាម​អុជ​ពណ៌​ត្នោត​, និង​សាច់មាន​លក្ខណៈ​ជ្រាយ​។ ស្បែក​ដែល​ខូច​ដោយ​សារ​កម្តៅថ្ងៃ កើតឡើង​ដោយសារ​ស្បែក​ត្រូវ​នឹង​កាំរស្មី UV ឬ​កម្តៅថ្ងៃ​ច្រើនពេក ដែល​អាច​បង្ករ​ឱ្យមាន​ជំងឺមហារីក​ស្បែក​។

ខាងក្រោម​នេះ​ជា​វិធី​ដែល​អ្នក​អាច​ព្យាបាល​ស្បែក​ដែល​ខូច​ដោយ​សារ​ត្រូវ​កម្តៅថ្ងៃ​ច្រើនពេក​។​

អ្វី​ដែល​អ្នកត្រូវការៈ
– សាប៊ូ​លាង​សម្អាត​ប្រចាំថ្ងៃ​
– សាប៊ូ​ខាត់​ស្បែក​
– ឡេ​ការពារ​កម្តៅថ្ងៃ​
– ក្រែម​ជួយ​ឱ្យ​ស្បែក​ភ្លឺរលោង​
– វីតាមីន​ចម្រុះ​
– ឡេ​លាប​

វិធីសាស្ត្រ​
១. លាង​សម្អាត​ស្បែក​ជា​ប្រចាំ​ដោយ​ប្រើ​សាប៊ូ​សម្អាត​ស្រាល​ធម្មតា ហើយ​លាងជម្រះ​កោសិកា​ស្បែក​ងាប់​យ៉ាង​តិច ២ ដង​ក្នុង​មួយ​សប្តាហ៍ ដោយ​ប្រើ​សាប៊ូ​ខាត់​ស្បែក​។ ការ​លាងជម្រះ​កោសិកា​ងាប់​នៅ​ស្រទាប់​ស្បែក​ខាង​ក្រៅ​ចេញ​ជាប្រចាំ ជួយ​ឱ្យ​ស្បែក​ខាងក្នុង​លូតលាស់​ដោយ​ខ្លួនឯង​។​

២. ប្រើឡេ​ការពារ​កម្តៅថ្ងៃ​ជាប្រចាំ ដែលមាន SPF យ៉ាងតិច ១៥​។ មជ្ឈមណ្ឌល​មហារីក​ស្បែក​បានឱ្យដឹងថា ការប្រើឡេ​ការពារ​កម្តៅថ្ងៃ​ជាប្រចាំ​អាច​ជួយ​បន្ថយ​គ្រោះថ្នាក់​មហារីក​ ស្បែក​។ ការប្រើឡេ​ការពារ​កម្តៅថ្ងៃ​ជួយ​បង្ការ​ស្បែក​ខូច ហើយ​ក៏​ជួយ​ព្យាបាល​ស្បែក​ដែល​ខូច​ហើយ​នោះ​ផងដែរ​។​

៣. រក្សា​ភាព​សំណើម​។ ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក​ពី​ខាងក្នុង​។ ប្រើ​សារធាតុ​សំណើ​ម​លើ​ស្បែក​ខាងក្រៅ​ដើម្បី​រក្សា​ជាតិ​សំណើម​, ជួយ​ឱ្យ​កោសិកា​ស្បែក​រីក​ឡើង និង​បង្កើន​ការផលិត​នៃ collagen​។​

៤. ប្រើ​ក្រែម​ជួយ​ឱ្យ​ស្បែក​ភ្លឺរលោង លាប​លើ​ស្នាម​អុជ​ពណ៌​ត្នោត​ដែល​បង្ករ​ដោយ​កម្តៅថ្ងៃ​។ ស្វែងរក​ផលិតផល​ដែល​ផ្សំ​ពី​អាស៊ីត kojic, hydroquinone និង រ៉េ​ទី​ណុល A និង​ស្តេ​រ៉ូ​អ៊ីត ដើម្បី​ជួយ​បំបាត់​ស្នាម​អុជ​នោះ​។​

៥. ពិគ្រោះ​ជាមួយ​ពេទ្យ​ស្បែក​ចំពោះ​ការព្យាបាល​ដូចជា photodynamic therapy ដែល​ត្រូវ​ប្រើ​កាំរស្មី​ក្នុង​ការ​យក​បំណែក​ស្បែក​ដែល​ខូច​ដោយ​សារ​ កម្តៅថ្ងៃ​ចេញ ឬ វិធីសាស្ត្រ​ព្យាបាល​ផ្សេងៗ​ទៀត​។​

៦. ទទួលទាន​វីតាមីន E, C និង selenium និង​ប្រើឡេ​និង​ក្រែ​មលាប ដែល​មាន​ផ្ទុក​ជាតិ​វីតាមីន​ទាំងនេះ​។ គេហទំព័រ MedScape.com បានឱ្យដឹងថា វីតាមីន​ទាំងនេះ​អាច​កាត់បន្ថយ​និង​ព្យាបាល​ស្បែក​ដែល​ខូច​ដោយ​សារ​ត្រូវ​ កម្តៅថ្ងៃ​។ អ្នក​គួរ​ពិចារណា​ក្នុងការ​ទទួលទាន​ថ្នាំ​វីតាមីន​ចម្រុះ​ដែល​មាន​វីតាមីន​ ទាំងបី​ប្រភេទ​នេះ និង​ស្វែងរក​ក្រែម​ដែល​មាន​វីតាមីន​ទាំងនេះ​។

អត្ថបទស្រាវជ្រាវ និងប្រែសម្រួលដោយ៖ កញ្ញា សុភាវី

តើ​អ្នក​ចង់​បាន​ធ្មេញ​ស​ស្អាត​ដែរឬទេ​?

​កាហ្វេ តែ ទឹកក្រូច ការជក់បារី ទឹក​ផ្លែឈើ​មាន​ជាត់​អាស៊ី​ត ថ្នាំ​មួយចំនួន និង​អាហារ​មាន​ជាតិ​ពណ៌​ខ្លាំង អាច​បន្សល់​ស្នាម​ប្រឡាក់​លើ​ធ្មេញ​ដ៏​ស​ស្អាត​របស់​អ្នក​។​

​ ​វេជ្ជបណ្ឌិត រ៉ូ​ជើរ ឡេវី​ន (Roger P. Levin) ធ្មេញ​របស់​យើង​មិនមែន​មាន​ពណ៌​សស្គុស​តែម្តង​នោះទេ​។ ពណ៌​ធម្មជាតិ​របស់​ធ្មេញ​គឺ​ពណ៌​លឿង​តិចៗ​។ ប៉ុន្តែ​នៅពេល​ដែល​អ្នក​កាន់តែ​ធំ ធ្មេញ​របស់​អ្នក​ក៏​កាន់តែ​មាន​ពណ៌​ឌិ​តជាង​មុន​។​

​ ​ផ្ទៃ​ខាងលើ​នឹង​សឹក​ទៅតាម​ ពេលវេលា ហើយ​ផ្ទៃ​ខាងលើ​នោះ​ងាយ​នឹង​ស្រូប​យក​ពណ៌​អាហារ​។ ស្នាម​ក៏​តោង​ជាប់​នឹង​ធ្មេញ​ហើយ​ក្រម​ធ្មេញ​ក៏​បាន​កើត​លើ​និង​នៅ​ចន្លោះ​ ធ្មេញ​។​

​ ​វេជ្ជបណ្ឌិត រ៉ូ​ណាល់ មេ​ត​ឡេន (Ronald I. Maitland) និយាយថា មានរ​បស់​ជា​ច្រើន​ដែល​អាច​ធ្វើឱ្យ​ធ្មេញ​មាន​ស្នាម​ប្រឡាក់ រួមមាន អង់​ទី​ប៊ីយ៉ូ​ទិច​។​

​ ​ធ្មេញ​របស់​អ្នក​កាន់តែ​លឿង វា​កាន់តែ​ងាយស្រួល​ក្នុង​ការសម្អាត​។ ស្នាម​ពណ៌​ត្នោត​ចាស់ អាច​ជា​ស្នាម​ដែល​ពិបាក​ក្នុង​ការបំបាត់​។​

​ ​ដំណឹង​ល្អ​សម្រាប់​លោក​អ្នក​ គឺ​ស្នាម​ប្រឡាក់​ទូទៅ (​ដូច​ជា​ស្នាម​បណ្តាលមកពី​កាហ្វេ​និង​បារី​) អាច​បំបាត់​បាន​ដោយ​ការប្រើ​វិធី​ជំនាញ​ដូចខាងក្រោម​៖

​ដុសធ្មេញ​ ក្រោយពេល​ញ៉ាំ​អាហារ​៖ វេជ្ជបណ្ឌិត ឡេវី​ន និយាយថា ប្រសិនបើ​អ្នក​លាង​សម្អាត​ធ្មេញ​របស់​អ្នក​ជា​ប្រចាំ អ្នក​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការការពារ​ធ្មេញ​របស់​អ្នក​ពី​ការ​មាន​ស្នាម ​។​

​ប្រើ​ម្សៅ​មេ​៖ វេជ្ជបណ្ឌិត ឡេវី​ន និយាយថា លាយ​ម្សៅ​មេ​ជាមួយនឹង​ទឹក hydrogen peroxide ឱ្យ​ល្មម​ដើម្បី​ប្រើ​ដូចជា​ថ្នាំដុសធ្មេញ ដើម្បី​ដុស​សម្អាត​ស្នាម​លើ​ធ្មេញ​។ អ្នក​មិន​ត្រូវ​ប្រើ peroxide ច្រើន​ពេក​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឱ្យ​រលាក​។​

​ឧស្សាហ៍​លាង​សម្អាត​ ៖ វេជ្ជបណ្ឌិត មេ​ត​ឡេន និយាយថា ក្រោយពេល​ញ៉ាំ​អាហារ​ហើយ អ្នកគួ​រលាង​សម្អាត​អាហារ​ចេញពី​ធ្មេញ​របស់​អ្នក​។ ប្រសិនបើ​អ្នក​មិន​អាច​ទៅ​បន្ទប់​ទឹកបាន អ្នក​អាច​គ្រាន់តែ​យក​ទឹក​ធម្មតា​មក​ខ្ពុរមាត់​បាន​។​

​ជ្រើសរើស​ទឹក​ ខ្ពុរមាត់​៖ វេជ្ជបណ្ឌិត ច​ន ហ្វី​ឌឺ​ស្តូ​ន (John D. B. Featherstone) និយាយថា ទឹក​ខ្ពុរមាត់​គ្រប់​ប្រភេទ​សុទ្ធតែ​ល្អ​សម្រាប់​ការ​ខ្ពុរមាត់ ប៉ុន្តែ​ខ្ពុរមាត់​ដែល​មាន​អង់​ទី​ប៊ីយ៉ូ​ទិ​ចនឹង​ជួយ​លាង​សម្អាត​ស្នាម​ នៅលើ​ធ្មេញ​។​

​ប្រើ​ថ្នាំដុសធ្មេញ​ធ្វើឱ្យ​ធ្មេញ​ស​៖ ពេទ្យធ្មេញ ​ធ្លាប់​ហាម​មិន​ឱ្យ​ប្រើ​ផលិតផល​ធ្វើឱ្យ​ធ្មេញ​ស​ដែល​អាច​រក​ទិញ​បាន​ដោយ​ គ្មាន​វេជ្ជបញ្ជា​ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​សំណឹក​ខ្លាំង​ដែល​ធ្វើ​ឱ្យ​ សឹក​កាចា​ធ្មេញ​របស់​អ្នក​។ វេជ្ជបណ្ឌិត ដន ឡត​ឌី​ង (Dean Lodding) និយាយថា ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ការ​វិវឌ្ឍន៍​ជាង​មុន​ក្នុង​ការប្រើ peroxide ជំនួស​នឹ​សារធាតុ​សំណឹ​ក ដែល​ជួយ​ធ្វើឱ្យ​ធ្មេញ​របស់​អ្នក​ស​ជាង​មុន​ក្រោយពេល​ដុសធ្មេញ​រូ​ច​។​

​ ​វេជ្ជបណ្ឌិត ឡត​ឌី​ង និយាយថា ប៉ុន្តែ​មិន​ត្រូវ​សង្ឃឹម​ថា​មាន​អព្ភូតហេតុ​នោះទេ ព្រោះ peroxide ដែល​នៅក្នុង​ថ្នាំ​ដុសធ្មេញ នឹង​នៅតែ​លើ​ធ្មេញ​ខាងក្រៅ​ក្នុង​រយៈពេល​កំណត់​មួយ​ប៉ុណ្ណោះ​។​

​ខាត់ ​ធ្មេញ​ថ្នមៗ​៖ វា​ដូចជា​ផលិតផល​សារធាតុ​សំណឹក​ដែរ វា​អាច​យកមក​ខាត់​កាចា​ធ្មេញ​បាន​។ ប៉ុន្តែ​ការ​ខាត់​ខ្លាំងពេក​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផ្នែក​ខាង​ក្នុង​ដែល​ ធ្វើឱ្យ​ធ្មេញ​អ្នក​កាន់តែ​អាក្រក់​មើល​។​

​សាកល្បង​ក្រដាស់​បិត​ ធ្មេញ​៖ ផលិតផល ​ទាំងនេះ​ដូចជា​បង់​ស្អិត​យ៉ាង​ដូច្នោះ​ដែរ ប៉ុន្តែ​វា​ធ្វើឡើង​តម្រូវ​ទំហំ​ធ្មេញ​របស់​អ្នក​។ វេជ្ជបណ្ឌិត ឡត​ឌី​ង និយាយថា វា​ប្រើ peroxide ឱ្យ​នៅ​លើ​ធ្មេញ​ក្នុង​រយៈពេល​យូរ​ជាង​ថ្នាំដុសធ្មេញ ដូច្នេះ​វា​នឹង​ធ្វើឱ្យ​ធ្មេញ​របស់​អ្នក​កាន់តែ​ស​។​

អត្ថបទស្រាវជ្រាវនិងប្រែសម្រួលដោយកញ្ញា សុភាវី

វិធី​បំបាត់​ក្លៀក​ខ្មៅ​

ជាធម្មតា បញ្ហា​ក្លៀក​ខ្មៅ​បណ្តាលមកពី​ការ​កោរ​រោម​ដែល​បង្ករ​ឱ្យ​រលាក​ស្បែក​។ ប្រសិនបើ​អ្នក​មាន​បញ្ហា​នេះ អ្នក​អាច​អនុវត្ត​តាម​វិធី​ដូចខាងក្រោម​ដើម្បី​ជួយ​ធ្វើឱ្យ​ស្បែក​ក្លៀក​ របស់​អ្នក​ស​ឡើងវិញ​។​

១. សាកល្បង​ប្រើ​ថ្នាំ​វីតាមីន​ចម្រុះ ព្រោះ​បញ្ហា​ក្លៀក​ខ្មៅ​អាច​បណ្តាលមកពី​រាងកាយ​ខ្វះ​សារធាតុចិញ្ចឹម​។​

២. យក​ក្រូចឆ្មារ​មួយ​ចំណិត​មក​ដុស​ថ្នមៗ​ត្រង់​ក្លៀក ជា​រៀងរាលថ្ងៃ រហូត​ពណ៌​ក្លៀក​ចាប់ផ្តើម​ប្តូរ​។​

៣. សាកល្បង​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្រូចឆ្មារ​និង​ស្ករស ហើយ​យក​ទៅ​កម្តៅ​។ បន្ទាប់​មក​ទុកឱ្យ​ត្រជាក់​ហើយ​លាប​ត្រង់​ក្លៀក​។ ធ្វើបែបនេះ ៣ ទៅ ៥ ដង​ក្នុង​មួយ​សប្តាហ៍​ជួយ​ធ្វើឱ្យ​ក្លៀក​របស់​អ្នក​ស​ឡើង និង​ជួយ​ឱ្យ​ស្បែក​ទន់​។​

៤. អ្នក​មិន​គួរប្រើ​ថ្នាំ​បំបាត់​ក្លិន​ក្លៀក​នោះទេ ព្រោះ​ថ្នាំ​ប្រភេទ​នេះ​មួយ​ចំនួន​គឺជា​មូលហេតុ​ដែល​បង្ករ​ឱ្យ​ក្លៀក​ឡើង​ខ្មៅ​។​

អត្ថបទស្រាវជ្រាវ និងប្រែសម្រួលដោយ៖ កញ្ញា សុភាវី

តើ​ថ្នាំ​ក្រចក​ដែល​កក​ហើយ​អាច​ប្រើ​វិញ​បាន​ឬទេ​?

តើ ​អ្នក​មាន​សល់ថ្នាំ​ក្រចក​ចាស់ៗ​ដែល​ អ្នក​មិន​បាន​ប្រើ​ជា​យូរ​មក​ហើយ ស្រាប់តែ​ពេល​ដែល​អ្នក​ចង់​ប្រើ​ទើប​អ្នក​ដឹង​ថា​វា​ស្អិត​កក​ជាប់​គ្នា​ ប្រើ​លែង​បាន​ទៅ​ហើយ​ដែរឬទេ​? ប្រសិនបើ​ជា​កាលពី​មុន​វិញ អ្នក​អាច​នឹង​បោះ​វា​ចោល​បាត់ទៅហើយ​។

ប៉ុន្តែ ឥឡូវនេះ អ្នក​មិន​ចាំបាច់​បោះ​វា​ចោល​នោះទេ ព្រោះ​អ្នក​អាច​ប្រើ​វា​បាន​ម្តង​ទៀត​នឹង​ធ្វើឱ្យ​វា​រក្សាទុក​បានយូរ​។ អ្នកនឹង​យល់ដឹង​ពី​របៀប​លាយថ្នាំ​ក្រចក​ដែល​កក​យកមកប្រើ​ឡើងវិញ ដោយ​គ្រាន់តែ​អនុវត្ត​តាម​វិធីសាស្ត្រ​ងាយស្រួល​ដូចខាងក្រោម​៖

១. បើក​គម្រប​ដប​ទឹក​ថ្នាំ​លាង​ក្រចក ហើយ​ចាក់ទឹក​ថ្នាំ​លាង​ក្រចក​ចូល​ក្នុង​គម្រប​ដប​នោះ​ត្រឹម​ពាក់កណ្តាល​ដប​។​

២. បើក​គម្រប​ដប​ថ្នាំ​ក្រចក​ដែល​ស្អិត​កក​ជាប់​គ្នា​នោះ ហើយ​ចាក់ទឹក​ថ្នាំ​លាង​ក្រចក​ដែល​នៅក្នុង​គម្រប​ដប​ចូលទៅ​។​

៣. បិត​គម្រប​ដប​ថ្នាំ​ក្រចក​មកវិញ ហើយ​ក្រឡុក​ដើម្បី​ឱ្យ​ថ្នាំ​ក្រចក​និង​ទឹក​លាង​ក្រចក​លាយ​ចូលគ្នា​។ គ្រាន់​តែ​វិធី​ងាយស្រួល​យ៉ាងនេះ អ្នក​អាច​ប្រើ​ថ្នាំ​ក្រចក​នោះបាន​វិញ​ហើយ​។

អត្ថបទស្រាវជ្រាវ និងប្រែសម្រួលដោយ៖ សុភាវី

តើ​អ្នក​ចង់​ពត់​រោមភ្នែក​ឱ្យបាន​ង​ស្អាត​ដែរឬទេ​?

​ អ្នក​អាច​គិតថា ការពត់​រោមភ្នែក​គឺជា​រឿង​ដ៏​ងាយស្រួល​មួយ ហើយ​វា​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​ការតុបតែង​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា រោមភ្នែក​គឺជា​ចំណុច​សំខាន់​ដែល​ជួយ​បន្ថែម​ភាពស្រស់ស្អាត​ដល់​ភ្នែក​របស់​ អ្នក​ក៏ដូចជា​ផ្ទៃមុខ​ទាំងមូល​ផង​ដែរ​។ ដូច្នេះហើយ អ្នក​គួរស្វែងយល់​បន្ថែម​ពី​ការពត់​រោម​ភ្នែក​។ ខាងក្រោម​នេះ​ជា​ការណែនាំ​មួយ​ចំនួន​សម្រាប់​ជួយ​អ្នក​ក្នុង​ការពត់​ រោមភ្នែក​ឱ្យបាន​ង​ស្អាត​។​

១. ពត់​រោមភ្នែក​របស់​អ្នក​ជា​រៀងរាល់ថ្ងៃ​៖ ជាមួយ​នឹង​ការប្រើ​ឧបករណ៍​ពត់​រោមភ្នែក​រាល់ថ្ងៃ អ្នក​អាច​ហ្វឹកហាត់​វា​ឱ្យ​ង​បាន​។ ដំបូង​ព​ត់វា​រាង​យូរ​បន្តិច ប៉ុន្តែ​ក្រោយមក​ពត់​តែ​ប៉ុន្មាន​វិនាទី​ឱ្យ​សមល្មម​ក្នុង​ការថែទាំ​ រោមភ្នែក​ឱ្យនៅ​ង​ស្អាត​បាន​ហើយ​។​

២. អ្នក​ត្រូវ​ពត់​រោមភ្នែក​ទាំងសងខាង​ទោះបីជា​ពេល​ណា​ក៏​ដោយ​។ ប្រសិនបើ​អ្នក​ពត់​តែ​ម្ខាង នោះ​គេ​នឹង​មើល​មក​ឃើញ​ភ្នែក​ម្ខាង​ដែល​ពត់​ធំ​ជាង​ភ្នែក​ម្ខាង​ដែល​មិន​បាន ​ពត់​។​

៣. អនុវត្ត​តាម​វិធីសាស្ត្រ​ខាងក្រោម​ក្នុង​ការពត់​រោមភ្នែក​របស់​អ្នក​៖

​ ​- ត្រូវ​ប្រាកដថា​រោមភ្នែក​របស់​លាង​បាន​ស្អាត​ហើយ និង​មិន​មាន​បន្សល់​នូវ​កំទេចកំទី​គ្រឿងសម្អាង​នោះទេ​។​

​ ​- មើល​កញ្ចក់​ដោយ​ងើយ​ចង្ការ​ឡើងលើ ដើម្បី​មើល​រោមភ្នែក​ឱ្យ​ឃើញ​ច្បាស់​។​

​ ​- ចាប់ផ្តើម​ដោយ​ពត់​ត្រង់​គល់​រោមភ្នែក​ប្រហែលជា ១០​វិនាទី​។ ពត់​វា​ថ្នមៗ មិន​ត្រូវ​សង្កត់​ខ្លាំង​ពេក​នោះ​ទេ​។​

​ ​- បន្ទាប់​មក​ពត់​ត្រង់​ពាក់កណ្តាល​រោមភ្នែក​ប្រហែល ៥​វិនាទី​។​

​ ​- ជា​ចុងក្រោយ​ពត់​ត្រង់​ចុង​រោមភ្នែក ១​វិនាទី​។​

៤. ឧស្សាហ៍​ប្តូរ​ឧបករណ៍​ពត់​រោមភ្នែក​របស់​អ្នក ជា​ពិសេស​ពេល​ដែល​អ្នកឃើញ​មាន​ស្នាម​ឆ្នូត​នៅលើ​ជ័រ​កន្លែង​ពត់ អ្នក​ត្រូវ​ប្តូរ​ថ្មី​។​

៥. លាប​ម៉ា​ស្កា​រ៉ា​ភ្លាមៗ​បន្ទាប់​ពី​ពត់​រោមភ្នែក​រួច​។​

៦. ប្រសិន​បើ​ចំណុច​ទាំងនេះ​មិន​មាន​ប្រសិទ្ធភាព​ទេ​នោះ អ្នក​អាច​សាកល្បង​ពត់​រោមភ្នែក​ក្រោយពេល​លាប​ម៉ា​ស្កា​រ៉ា​។​

អត្ថបទស្រាវជ្រាវ និងប្រែសម្រួលដោយ៖ កញ្ញា សុភាវី

ការណែនាំ និង​​ល្បិច​​សម្រាប់​​ភាពស្រស់ស្អាត​​ពេល​​ងើប​​ពី​​ដំណេក

​ ធម្មតា​ពេល​ដែល​អ្នក​ក្រោក​ពី​គេង អ្នកនឹង​ឃើញ​មុខ​របស់​អ្នក​ស្លេក ហើមប៉ោង ឬ​សក់​របស់​អ្នក​ស្រ​ពីង​ស្រ​ពោង​ខ្លាំង​។ តើ​ធ្វើ​យ៉ាងណា​ទើប​អ្នក​អាច​មាន​សម្រស់​ស្អាត​ទាំង​ពេល​ចេញ​ទៅ​ក្រៅ​និង​ ពេល​ទើបតែ​ក្រោក​ពី​គេង​? ខាងក្រោម​នេះ​ជា​ការណែនាំ​ខ្លះៗ​ពីអ្វី​ដែល​អ្នក​គួរ​ធ្វើ​មុន​ពេល​ចូល​គេង ដើម្បី​ជៀសវាង​បញ្ហា​ទាំងនេះ​ពេល​អ្នក​ក្រោក​ពី​គេង​៖

១. លាប​សារធាតុ​សំណើម​មុន​ពេល​អ្នក​ចូល​គេង ដូច្នេះ​អ្នកនឹង​ក្រោក​ពី​គេង​ជាមួយនឹង​ស្បែក​ទន់​រលោង​។​

២. ជៀសវាង​ការ​ទទួលទាន​សុ​រា កាហ្វេ​អ៊ី​ន ឬ តែ មុនពេល​ចូល​គេង​។ សារធាតុ​ទាំងនេះ​ធ្វើឱ្យ​ស្បែក​របស់​ស្ងួត​។​

៣. គេង​ដាក់​ក្បាល​របស់​អ្នក​ឱ្យ​ខ្ពស់​ដើម្បី​កាត់បន្ថយ​ការ​ហើម​និង​ការប្រមូលផ្តុំ​នៃ​ទឹក​ក្នុង​ផ្ទៃមុខ​។​

៤. ជៀសវាង​ការសាកល្បង​ប្រើ​ផលិតផល​ថ្មី​នៅពេល​យប់​មុន​ថ្ងៃ​ចូលរួម​កម្មវិធី​។ អ្នក​មិន​ចង់​ប្រថុយ​គ្រោះថ្នាក់​នៃ​ការ​រលាក​នៅពេលដែល​មាន​កម្មវិធី​ត្រូវ​ ចូលរួម​នោះ​ទេ​។​

៥. ជៀសវាង​ការ​ទទួលទាន​អាហារ​មាន​ជាតិ​ប្រៃ មុនពេល​ចូល​គេង​។ ជាតិ​ប្រៃ​នឹង​បង្ករ​ឱ្យ​មាន​ការ​ទប់ទឹក និង​បង្កើន​ការ​ហើម​។​

៦. ជៀសវាង​ការ​មាន​រង្វង់​ភ្នែក​ខ្មៅ​ដោយ​ការ​គេង​យ៉ាងតិច​ឱ្យបាន ៨​ម៉ោង​។​

៧. ត្រូវ​ប្រាកដ​ថា​សក់​របស់​អ្នក​ស្ងួត​ហើយ​មុន​នឹង​អ្នក​ចូល​គេង​។ សក់​របស់​អ្នកនឹង​ស្រ​ពីង​ស្រ​ពោង​ប្រសិនបើ​អ្នក​ទុក​ឱ្យ​វា​ស្ងួត​ពេល​អ្នក ​គេង​។​

៨. ជៀសវាង​ការបន្ទន់​សក់​មុន​ពេល​អ្នក​ចូល​គេង​។ វា​អាច​នឹង​ធ្វើឱ្យ​សក់​របស់​អ្នក​កាន់តែ​សម្បូរ​ប្រេង​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។​

 

ការឈឺក្បាលទាំងប្រាំប្រភេទ

ប្រភេទនៃការឈឺចាប់អាចឲ្យអ្នកកំណត់បាននូវប្រភេទនៃការព្យាបាលដែលអ្នកត្រូវការ។ វាពិតជាពិបាកកំណត់​ថា តើអ្នកកំពុងតែមានការឈឺក្បាលប្រភេទណាមួយ។ ឈឺក្បាលមានប្រាំប្រភេទគឺ ការឈឺក្បាលតឹងណែន (tension), ការឈឺក្បាលជាសំណុំ (cluster), ការឈឺក្បាលមកពីស៊ីនូស (Sinus), ការឈឺក្បាលលាប់ថ្នាំ (​rebound) និងប្រកាំង (migraine)។

ការឈឺក្បាលតឹងណែន (tension​ headaches)

វាជាប្រភេទនៃការឈឺក្បាលកើតទ្បើងញឹកញាប់បំផុត ដែលមានអារម្មណ៍ថាឈឺ និងកៀបជុំវិញក្បាល ជា​ពិសេសនៅខាងមុខ ក្រោយក្បាល និង ក ។ វាមិនសូវឈឺខ្លាំងដូចរោគប្រកាំងទេ មិនមានក្អួត និងកម្របញ្ឈប់ អ្នកជំងឺសកម្មភាពប្រចាំថ្ងៃ។ ត្រឹមតែថ្នាំ ដែលអាចធ្វើឲ្យបានដោយគ្មានវេជ្ជបញ្ជា ដូចជា អាស្ពីរីន (aspirin) អាសេតាមីណូហ្វែន (acetaminophen, Tylenol) ឬ អ៊ីប៊ុយប្រូហ្វែន (ibuprofen) គឺវាគ្រប់គ្រាន់សម្រាប់​ការព្យាបាល ការឈឺក្បាលប្រភេទនេះទៅហើយ។ អ្នកជំនាញបានជឿជាក់ថា ការឈឺចាប់នេះអាច បណ្តាល​មកពីការកន្ត្រាក់សាច់ដុំក និងស្បែក្បាល (រួមទាំងការឆ្លើយតបទៅនឹងភាពតានតឹង ស្រ្តេស) និងការផ្លាសប្តូរ សារធាតុគីមីផ្សេងៗក្នុងខួរក្បាល។

ឈឺក្បាលជាសំណុំ​ (cluster headaches)

វាជាប្រភេទនៃការឈឺក្បាល ដែលកើតមានជាក្រុមផ្ទួនៗ ឬវដ្តនៃការឈឺចាប់។ វាកើតទ្បើងលើបុរសច្រើន ជាងស្រ្តី។ ការឈឺបាប់មានរយះពេលមួយឬពីរម៉ោង ហើយវាកើតទ្បើងជាច្រើនដងក្នុងមួយថ្ងៃ។ ការឈឺចាប់​កើតទ្បើងភ្លាមៗ ខ្លាំងៗ ជាធម្មតាការឈឺក្បាលប្រភេទនេះកើតមានរួមជាមួយ ការហូរទឹកភ្នែក (watery eye) និងការតឹងច្រមុះ (nosal congestion) ឬហៀរសំបោរ (runny nose)។ អំទ្បុងពេលការយាយីនេះ អ្នកជំងឺមិន អាចសម្រាក និងទទួលបាននូវផាសុខភាពដូចអ្នកដែលមានរោគប្រកាំងនោះទេ។ វាមិនទាន់មានមូលហេតុណា​មួយត្រូវបានគេរកឃើញច្បាស់លាស់នោះទេ ប៉ុន្តែវាអាចមកពីមានការឈឺចាប់នេះបណ្តាលមកពីកត្តាហ្សេនេ ទិកមួយចំនួន (genetic component)។ មិនមានការព្យាបាល!​ ប៉ុន្តែការប្រើថ្នាំមួយចំនួនអាចកាត់បន្ថយភាព ញឹកញាប់និងរយះពេលនៃការរំខាន។

ការឈឺក្បាលដោយសារស៊ីនុស (sinus headaches)

នៅពេលដែលរន្ធឆ្អឹង (sinus) រលាកដោយសារឆ្លងមេរោគ វាធ្វើឲ្យឈឺចាប់។ ជាធម្មតា ការឈឺក្បាលប្រភេទ​នេះកើតមានរួមជាមួយនឹងគ្រុនក្តៅ (fever)។ យើងអាចធ្វើរោគវិនិច្ឆ័យបានដោយការថត MRI ឬ CT scan (ដែលអាចស្គាល់ ឬដឹងពីបំលាស់ប្តូរកម្រិតជាតិទឹក fluid levels)។​ ការឈឺក្បាលដោយសារតែការរលាក​ស៊ីនុស អាចត្រូវបានព្យាលបាលដោយការប្រើថ្នាំសំលាប់មេរោគប្រភេទ អង់ទីប៊ីយោទិក (antibiotics) រួមជា មួយនឹងពពួកថ្នាំប្រឆាំងអ៊ិស្តាមិន (antihistamines) ឬថ្នាំបន្ធូរការតឹងច្រមុះ (decongestants)។

ការឈឺក្បាលលាប់ដោយសារការប្រើថ្នាំម្តង (Rebound headaches)

ការប្រើថ្នាំបំបាត់ការឈឺក្បាលលើសកម្រិត អាចធ្វើឲ្យការឈឺក្បាលរបស់អ្នកលាប់ទ្បើងវិញ។ ថ្នាទាំងនោះ​មានដូចជា ពពួកថ្នាំដែលមិនមានវេជ្ជបញ្ជា អាស្ពីរីន (aspirin) អាសេតាមីណូហ្វែន acetaminophen (Tylenol) ឬអ៊ីប៊ុយប្រូហ្វែន (ibuprofen) ក៏ដូចជាថ្នាំដែលមានវេជ្ជបញ្ជាដទៃទៀតផងដែរ។

គេបានឃើញអ្នកជំងឺជាច្រើនដែលឈឺក្បាលរាល់ថ្ងៃ ហើយប្រើប្រាស់ថ្នាំលើសកម្រិត រួចក៏ឈឺទ្បើងវិញ។

“ពួកគេឈឺហើយឈឺទៀត មិនអាចបញ្ឈប់ការឈឺបាន។ ពួកគេបន្តការប្រើប្រាស់ថ្នាំទៀត ពួកគេនៅតែឈឺ​ក្បាលថែមទៀត​ ដែលជាហេតុធ្វើឲ្យពួកគេអស់សង្ឃឹមជាខ្លាំង។ ពេលនោះហើយដែលពួកគេទៅស្វែងរកអ្នក មានជំនាញខាងជំងឺឈឺក្បាល ដើម្បីត្រួតពិនិត្យសុខភាពទ្បើងវិញ។

ទ្រឹស្តីមួយបាននិយាយថា ការព្យាបាលដោយប្រើប្រាស់ថ្នាំច្រើនពេកអាចបណ្តាលឲ្យប្រព័ន្ធខួរក្បាលចុះ​ខ្សោយ ហើយប្រការនេះក៏នាំឲ្យឈឺចាប់ជាងមុន។ ម៉្យាងទៀតការឈប់ប្រើថ្នាំក៏អាចធ្វើឲ្យមានការឈឺក្បាល​ដែរដោយសារតែជាតិថ្ន្នាំនោះបានធ្លាក់ចុះទៅក្នុងឈាម។ នេះគេហៅថា symptoms of withdrawala ។

ការឈឺក្បាលប្រកាំង (ឈឺមួយចំហៀងក្បាល) Migraine headaches

ការឈឺក្បាលប្រកាំងចេញមកពីភាពមិនប្រក្រតីនៃប្រព័ន្ធប្រសាទ។ ការឈឺក្បាលប្រកាំងនេះកំណត់លក្ខណៈ​វិនិច្ឆ័យមួយចំនួនដូចជាៈ

-ការឈឺចាប់៥ដងដូចគ្នានេះរួមមកហើយ

-ឈឺម្តងៗមានរយះពេលពី៤ទៅ៧២ម៉ោង

-មាន២ក្នុងចំណោមស្ថានភាពចំនួនបួនដូចតទៅនេះ៖

១.ឈឺមួយ​ចំហៀងក្បាល (one-side pain)

២.ឈឺខ្ទោកៗ (throbbing pain)

៣.ឈឺពីតិចទៅខ្លាំង (moderate-to-severe pain)

៤.ការឈឺដែលរំខាន ហើយកាន់តែអាក្រក់ និងបង្អាក់សកម្មភាពប្រចាំថ្ងៃ

-យ៉ាហោចណាស់រួមចង្អោរ (nausea) ឬក្អួត (vomiting)

(ប្រភពៈសុខភាពសម្រាប់អ្នកទាំងអស់គ្នា)

 

 

One Response to សុខភាព

  1. chhun kimchhean និយាយថា៖

    ការរស់នៅដែលមានភាពស្រល់បំព្រងនោះ រួមមានសុភាពល្អទាំងផ្លូវកាយ និងចិត្ត បូកផ្សំទាំងសោភ័ណ្ឌ
    នៃរាងកាយផងដែរ។ តើលុយពិតជានាំសុភមង្គលអោយអ្នកនោះ? តើលុយពិតជានាំអោយអ្នកមានក្តី
    សុខនឹងជីវិតមែនទេ? តើអ្នកគ្មានលុយច្រើនពិតជាមិនអាចទទួលបានសុភមង្គលមែនទេ? តើខ្ញុំជាអ្នកណា
    ត្រូវការអ្វីសំរាប់ខ្លួនឯង? ត្រូវណាស់លុយពិតជាធ្វើអោយមនុស្សសប្បាយ​ តែលុយមិនអាចយល់ពីចិត្តខ្ញុំ
    បានទេ ព្រោះវាមិនអាចបំពេញចិត្តខ្ញុំបានទេ។ ខ្ញុំរីករាយណាស់ពេលដែលគ្មានលុយ និងនៅពេលដែល
    មានលុយ។ ពេលគ្មានលុយខ្ញុំបានស្គាល់ពីមនុស្សកាន់តែច្រើន ជាពិសេសចិត្តអ្នកទាំងនោះ ហើយពេលខ្ញុំ
    មានលុយខ្ញុំប្រើវាចំពោះអ្នកទាំងនោះកាន់តែមានន័យ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s