ល្បិច​ទី​១៦​ ដុត​ឲ្យ​ច្រឡោត​បញ្ឆោត​ឲ្យ​ខឹង

ល្បិច​ ដុត​ឲ​ច្រ​ឡោត​ បញ្ឆោត​ឲ​ខឹង សំដៅ​ទៅ​លើប្រើ​ពាក្យ​សំដី​ ឬ​សកម្មភាព​អុជ​អាល​ធ្វើ​ឲ​គេ​ខឹង​សម្បា ដើម្បី​សម្រេច​តាម​បំណង​របស់​ខ្លួន។​ ល្បិច​នេះ​ អនុវត្តន៍​មាន​ប្រសិទ្ធភាព​ចំពោះ​មនុស្ស​ឆេវ​ឆាវ​តក់​ក្រហល់​ មនុស្ស​នឹង​ធឹង​អត់​ធ្មត់​ គេ​ពិបាក​ដុត​ឲ​ខឹង​ណាស់​។ ឧទាហរណ៍​ មនុស្ស​ដូច​ ចាវ ឆាវ ពូកែ​សង្ស័យ​ច្រើន​ មិន​ងាយ​ជឿ​សំដី​គេឡើយ ល្បិច​បែប​នេះ​មិន​អាច​ប្រើ​ការ​បាន​ឡើយ​ បែរ​ជា​អាច​កាំបិត​ចិត​ដង​ឯង​វិញ​។ ល្បិច​ដុត​ឲ​ខ្លោច​ របស់​ ខុង ម៉េង​ ពិត​ជា​ពូ​កែ​ដល់​កំពូល​ អាច​អុជ​អាល​ទាល់​តែ​ ចូវ​ យី​ ខឹង​ស្លាប់​ ជេ​ស្តេច​ឡាង ច្រឡោត​ទាល់​តែ​ក្ស័យ​ជីវ៉ា តែ​មក​ប៉ះ​ជាមួយ​ ស៊ី​ម៉ាអ៊ី​ ក៏​ទាល់​តំរិះ។

ប្រវត្តិ​ពិត​សម័យ​ ចាន់​គួក​ (៤៧៥ មុន​គ.ស ដល់​២២១ មុន​គ.ស)

នគរ​ឈីន មានអំណាច​និង​កម្លាំង​ខ្លាំង​ជាង​គេ ជា​ញឹក​ញាប់​តែងតែ​ឈ្លានពាន​នគរ​ជិត​ខាង។​ អ្នក​នយោយបាយ​ដ៏​កំពូល​នា​សម័យ​នោះ​ គឺ​ឧបរាជ ស៊ូ​ ឈីង កំពុង​រិះ​រក​មធ្យោបាយ​ដើម្បី​ចង​សម្ព័ន្ធ​ភាព​ជាមួយ​នគរ​ទាំង​ប្រាំមួយ គឺ​ នគរឈី ឈូ យាន​ ចាវ ហាង និង ខួយ រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បីទប់​ទល់​នឹង​នគរ​ឈីនដ៏​ខ្លាំង​ពូ​កែ។

ពេលបញ្ចុះ​បញ្ចូល​នគរ​យាន​និង​នគរ​ចាវ​បាន​ហើយ​ ប្រុង​ចេញ​ដំណើរ​ទៅ​កាន់​នគរ​ខួយ​ ស្រាប់​តែ​ទទួល​ដំណឹង​ថា​ នគរ​ឈីង​កំពុង​រៀបចំ​ទ័ពប្រុង​ឈ្លាន​ពាន​នគរ​ចាវ​។ ដំណឹង​នេះ​ធ្វើ​ឲ​ឧបរាជ ស៊ូ​ នឹក​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​ គិត​ថា​ផែនការ​ចង​សម្ព័ន្ធភាព​នគរ​ទាំង​ប្រាំមួយ​របស់​ខ្លួន ពិត​ជាត្រូវ​បរាជ័យ។ ភ្លាម​នោះ ក៏​នឹក​ឃើញ​មធ្យោបាយមួយ​ សម្រេច​ថា​ត្រូវ​ជ្រើស​រើស​មនុស្ស​ម្នាក់​ជា​ទី​ទុក​ចិត្ត​ឲ​ទៅ​នគរ​ឈីន លៃ​យ៉ាង​ណា​ជ្រៀត​ចូល​ក្នុង​នគរ​ឈីន​កាន់​កាប់​តួនាទី​ធំ​ឲ​បាន។ តើ​អ្នក​ណា​ដែល​ត្រូវ​ជ្រើស​រើស​ឲ​ទទួល​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​នេះ? លោក​ឧបរាជ​ អង្គុយ​រិះ​គិត​យ៉ាង​យូរ​ ទើប​នឹក​ឃើញ​មនុស្ស​ម្នាក់​ គឺ ចាង យី ដែល​ជាមិត្ត​រួម​ថ្នាក់​របស់​ខ្លួន។ ភ្លាម​នោះ​ក៏​ហៅ​អ្នក​ជំនិត ពី សេង មក​ជួប​រប្រាប់​ពីគំនិត​របស់​ខ្លួន​ហើយ​និយាយថាៈ យើង​មាន​សិស្ស​រួម​ថ្នាក់​ម្នាក់​ឈ្មោះ​ ចាង យី ឥឡូវ​នេះ​ កំពុង​រស់​នៅ​ក្នុង​នគរ​ខួយ។ យើង​ឲ​មាស​ឯង​មួយ​ពាន់​តម្លឹង​ ទៅអនុវត្ត​កិច្ច​ការ។ ឯង​ត្រូវ​ក្លែង​ខ្លួន​ជាអ្នក​ជំនួញ ដូរ​ឈ្មោះ​ថា ជាស៊ី​ ហើយ​ធ្វើ​ដំណើរ​ទៅកាន់​នគរ​ខួយ។ នៅពេល​បាន​ជួប ចាង​ យី ហើយ​ត្រូវ​ធ្វើ​បែប​នេះ​ឬបែប​នោះ​។ ពេល​ដែល​ត្រឡប់មក​កាន់​នគរ​ ចាវ​ វិញ ត្រូវ​អនុវត្ត​យ៉ាង​នេះ​ឬយ៉ាង​នោះ។ រាល់​កិច្ច​ការ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ កុំ​ធ្វេស​ប្រហែស​ឲ​សោះ។

ជាស៊ី​​ ទទួលបញ្ជា​ហើយ​ ក៏​ចេញដំណើរ​ទាំងយប់​ទៅកាន់​នគរ​ខួយ។ ពេលនោះ​ ចាងយី ទើប​ទទួល​ការ​មាក់​ងាយ​ពី​ស្តេច​ឈូ ស្នាម​របួស​ទើប​ជា​សះ ក៏​​ត្រឡប់​ទៅ​កាន់​នគរខួយ​វិញ​ សម្ងំ​ខ្លួន​ពួន​អាត្មា​នៅ​តែ​ក្នុង​ផ្ទះ។ ជាស៊ី​ ក៏​បាន​ទៅ​ដល់​នគរ​ខួយ​ចំពេល​ដែល​ ចាងយី មាន​បំណង​ចង់​ទៅ​ជួប លោក​ឧបរាជ ស៊ូ ឈីង នៅ​នគរ​ចាវដែរ។ ចៃ​ដន្យ​ក៏​បាន​ជួប​គ្នា។ លុះ​ជជែក​គ្នា ដឹង​ថា​ជន​នេះ​មក​ពី​នគរ​ ចាវ​ ទើប​ ចាងយី សួរៈ

ឮថា ឧបរាជ​ថ្មី​របស់​នគរ​ចាវ​ឈ្មោះ លោក​ឧបរាជ​ស៊ូ ឈីង មែន​ទេ?

មែនហើយ​លោក​ប្រុស​ស្គាល់ឧបរាជ​ស៊ូ​ដែរ​ឬ? ជាមិត្ត​ភក្តិឬ​នៅ​ស្រុក​កំណើត​ជាមួយ​គ្នា? ជាស៊ី​សួរ។

មិន​ត្រឹម​តែ​ជាមិត្ត​រួម​ថ្នាក់​ទេ ថែម​ទាំង​ជា​បង​ប្អូន​ធម៌​ទៀត​ផង។ ចាងយី តប​ដោយ​រួស​រាយ។

មែន​ឬ?​ខ្ញុំ​ពិត​ជា​ខ្វះ​ការ​គួរ​សម​ជាមួយ​លោក​ប្រុស​ពេក​ណាស់​ ដែល​លោក​ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​លោក​ឧបរាជ។ បើ​មាន​ទំនាក់​ទំនង​ល្អ​បែប​នេះ​ដែរ​ ម្តេច​មិន​ទៅ​ជួប​គាត់​រក​កិច្ចការតិចតួច​គ្រាន់​នឹង​ធ្វើ។ ជាស៊ី និយាយ​យ៉ាង​គោរពហើយ​បន្តៈ ពេល​នេះ​កិច្ចការ​រក​ស៊ី​របស់​ខ្ញុំ​ចប់​ល្មម គឺ​ត្រូវ​ត្រឡប់​ទៅ​វិញ។ បើ​លោក​ប្រុស​មិនយល់​ទាស់​ទេ​ រួម​ដំណើរ​ទៅ​ជាមួយ​គ្នា​តែ​ម្តង​ទៅ​យ៉ាង​ម៉េច​ដែរ?

ល្អ​ដែរ​ចំ​គំនិត​ដែល​ ចាង​យី កំពុង​គិត​ ក៏​ឆ្លើយ​បាទ​តែ​ម្តង​។ រួច​ហើយ​គេ​ក៏រួម​ដំណើរ​ជាមួយគ្នា។ ប៉ុន្មានថ្ងៃក្រោយ​មកក៏​ទៅ​ដល់​ទិសដៅ​ដូច​ប្រាថ្នា។

មក​ដល់​ក្រុង​ ជាស៊ី​ យក​លេស​ ថា​ជាប់​រវល់​ការងារ​ ហើយ​ថា​ផ្ទះ​របស់​ខ្លួ​ន​នៅ​ក្បែរៗ​នោះ​ដែរ​ ក៏​ទុក​ឲ​ ចាងយី ស្នាក់​នៅ​ផ្ទះ​សំណាក់។

ថ្ងៃ​បន្ទាប់ ចាងយី ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​សំណាក់​ឧបរាជ​ ស៊ូ​ឈីង ដើម្បី​សុំ​ជួប​តែ​អ្នក​យាម​មិន​បាន​បញ្ជូន​ដំណឹង​នេះ​ទៅ​ក្នុង​សំណាក់​ទេ មិន​អនុញ្ញាត​ឲ​ចាងយី ចូលទៅ​ក្នុង​ តែក៏​មិន​ឲ​ត្រឡប់​ទៅ​វិញ​ដែរ។ បន្ត​បន្ទាប់ក្នុង​សភាព​បែប​នេះ​ជា​ច្រើន​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​ប្រាំមួយទើប​អ្នក​យាម​បញ្ជូន​ដំណឹង​នេះ​ទៅ​ខាង​ក្នុង​សំណាក់។ តែ​អ្នកយាម​ខាង​ក្នុង​ប្រាប់​ថា កិច្ច​ការ​របស់​លោក​ឧបរាជ​មមាញឹក​ណាស់ ឲប្តូរ​ថ្ងៃ​ជួប​ទៅ​ថ្ងៃ​ក្រោយ​វិញ។ ចាងយី​ ក៏​រង់ចាំ​បែប​នេះ​អស់​ជាច្រើន​ថ្ងៃ​ថែម​ទៀត​ តែ​គ្មាន​ដំណឹង​រហូត​ ឯ​សាហ៊ុយក៏​កាន់​តែ​ខើច​ ខឹង​ខ្លាំង​ណាស់​ថា​នឹង​ត្រឡប់​ទៅ​វិញ​ តែ​ម្ចាស់​ផ្ទះ​សំណាក់​ក៏​មិន​អនុញ្ញាត​ឲ​ត្រឡប់​ទៅ​វិញ​ដែរ ដោយ​និយាយ​ថាៈ​លោក​ប្រុស​បាន​ជាមក​ហើយ​ ទ្រាំចាំ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទៅ​គង់​តែ​បានជួប​ទេ។ បើសិន​ជាលោក​ប្រុស​ ស្រាប់តែ​ចាក​ចេញ​ទៅ​បាត់បែប​នេះ ពេល​ដែល​លោក​ឧបរាជ​​អនុញ្ញាត​ឲ​ចូល​ជួប តើ​ឲ​ខ្ញុំ​ដោះ​ស្រាយ​យ៉ាង​ណា​ទៅ​វិញ?  ដូច្នេះ​ទោះ​ត្រូវ​ចាំ​មួយ​ឆ្នាំ​ឬ​កន្លះ​ឆ្នាំ ក៏​ខ្ញុំ​មិន​អនុញ្ញត​ឲ​លោក​ប្រុស​ចាក​ចេញ​ទៅ​ដែរ។

ចាង​យី ទាល់​គំនិត​ ក៏​សុខ​ចិត្ត​ទ្រាំ​ស្នាក់​នៅ​តទៅ​ទៀត​ទាំង​ចិត្ត​ធុញ​ថប់ ទោះ​ចង់​ទៅ​រក​ ជាស៊ី ក៏​គ្មាន​អ្នកណា​ស្គាល់។ ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ​ ចាងយី ទ្រាំ​លែង​បាន ក៏​ដើរ​សំដៅ​ទៅ​សំណាក់​លោក​ឧបរាជ ដើម្បី​សុំ​លា​។ ពេល​នោះទើប​មានការអនុញ្ញាត​ឲចូល​ជួប គឺ​ជួប​នៅ​ថ្ងៃ​ស្អែក។

ស្អែក​ឡើង​ ចាងយី​ ស្លៀកពាក់យ៉ាង​សមរម្យ ចូល​ជួប​ឧបរាជតាំង​ពី​ព្រលឹម​ តែ​ត្រូវ​អ្នក​យាម​ឃាត់​​ ដោយ​និយាយ​យ៉ាង​ក្រអឺត​ថាៈ លោក​ឧបរាជ​កំពុង​តែ​ជាប់​រវល់​ យ៉ាងម៉េច​ចាំ​បន្តិច​មិន​បាន​ទេ​ឬ?

ចាងយី​ ក្តៅ​ឥត​ឧបមា ឈរចាំយ៉ាង​មួ​ហ្មង។ ក្រឡេក​មើល​ទៅ​មន្រ្តី ចេញ​ចូល​មិន​ដាច់។ ពេល​ជិត​ថ្ងៃ​ត្រង់​​ទើប​ឮ​គេ​ហៅ​ឲ​ចូល​ជួប។ ចាងយី​ គិត​ថា​ ឧបរាជ​ ស៊ូ​ឈីង នឹង​មក​ទទួល​ដោយ​ផ្ទាល់ តែ​បែជា​ខក​បំណង​ ដោយ​លោក​ឧបរាជ​អង្គុយ​ធ្វើ​ព្រងើយ រួច​សួរ​យ៉ា​ង​សោះ​កក្រោះ​ថា សុខ​សប្បាយ​ជា​ទេ? ចាងយី ខឹង​ឡើង​បែក​ផ្សែង ហើយ​មិន​អើ​ពើ​នឹង​សំដី ស៊ូ​ឈីង។

ដល់​ពេល​អាហារ​ថ្ងៃ​ត្រង់​ល្មម ស៊ូឈីង​ ក៏​និយាយ​ទៅ​កាន់​ ចាង​យី ថា កិច្ចការ​យើង​មមាញឹក​ពេក​ធ្វើ​ឲ​ឯង​ចាំ​យូរ ឥឡូវ​គិត​បាយ​ទឹក​សិន ហើយ​យើង​មាន​រឿង​ខ្លះ​និយាយ​ជាមួយ​ឯង។ រួច​ក៏​ឲអ្នក​បំរើ​រៀប​តុ​ ឲ​ចាង​យី​នៅ​ខាង​ក្រោម ចំណែក​ខ្លួន​អង្គុយ​ខាង​លើ​ដដែល។ ចាងយី​ ឃើញ​ម្ហូប​ ស៊ូឈីង​ សុទ្ធ​តែ​ស្រា​ឆ្ងាញ់ ម្ហូប​ឆ្ងុយ គ្រឿង​សមុទ្រ​ ចំណែក​ខ្លួន គឺ​សម្ល​ទឹក​មួយ​មុខ​ គោក​មួយ​មុខ បាយ​វិញ​ចង់​ធំ​ក្លិន​បាវ​ទៅ​ហើយ។

ដោយ​គ្មាន​ជំរើស​ព្រោះ​ជំពាក់​ប្រាក់​ផ្ទះ​សំណាក់​ច្រើន​ផង​ ចាងយី បរិភោគ​ទាំង​ខឹង​ផង​ខ្មាស​ផង​ កែវ​ភ្នែក​ទាំង​គូ​ឡើង​ក្រហម​ស្ទើរ​ឆេះ។

ឧបរាជ​ស៊ូ ក៏​បញ្ជាៈ សូមអញ្ជើញ​ភ្ញៀវ​ឡើង​មក​ជួប។

ចាងយី ក៏​ងើប​ឈរ​ឃើញ ស៊ូឈីង នៅ​អង្គុយ​ធ្វើ​ព្រងើយនៅ​ខាង​លើ ពិតជាទប់​កំហឹង​លែង​បាន​ហើយ ក៏​បោះ​ជំហាន​ទៅ​ចង្អុល​មុខ​ឧបរាជ​ ស៊ូ​ឈីង ដោយ​ពាក្យ​អសុរោះ​សព្វ​បែប​យ៉ាង។

ចាងយី ត្រឡប់​មក​ផ្ទះ​សំណាក់​វិញ​​ពោរពេញ​ដោយ​កំហឹង​ និង​មិន​បាន​ផល​ប្រយោជន៍​អ្វី​មក​ជាប់​ខ្លួន​សោះ។ ពេល​មក​ដល់​ផ្ទះ​សំណាក់​វិញ​ ជួន​ជា ជាស៊ី​ មក​ដល់​ល្មម​ ក៏​រ៉ាយ​រ៉ាប់​គ្រប់​រឿង​រ៉ាវ​ប្រាប់ ហើយ​ថា​ខ្លួន​នឹង​ទៅ​កាន់​នគរ​ឈីន ព្រោះ​ក្នុង​ចំណោម​នគរ​ទាំង​៧ ឈីន​មាន​អំណាច​ខ្លាំង​ជាង​គេ មាន​កម្លាំង​អាច​វៃ​នគរ​ចាវ​បាន។ បើសិនជា​នគរ​ឈីន ត្រូវ​ការ​ខ្លួន​ជាចាំ​បាច់ ខ្លួន​ពិត​ជាលើក​ទ័ព​មក​វាយ​នគរ​ចាវ​ពុំ​ខាន សឹង​សឹក​គំនុំ​ដែល ស៊ូ​ឈីង មើល​ងាយ​ខ្លួន។

ជាស៊ី ក៏​ចូលរួម​ដំណើរ​ទៅ​នគរ​ឈីន ជាមួយ​ ចាងយី ដោយ​ក្លែង​ថា​ទៅ​សួរ​សុខ​ទុក​បង​ប្អូន។ ជាស៊ី​ ជួយ​ចេញ​ថ្លៃ​ផ្ទះ​សំណាក់​ឲ​ហើយ​ក៏​ចេញ​ដំណើរ​ទៅ។ ទៅ​ដល់​នគរ​ឈីន ជាស៊ី ជួយ​ផ្តល់​ប្រាក់​និង​ទំនុក​បំរុង​ ចាងយី សព្វ​បែប​យ៉ាង ដើម្បី​ធ្វើ​សកម្មភាព​ទំនាក់ទំនង។ មិន​យូរ​ប៉ុន្មាន​ ចាងយី ក៏​ទទួល​បាន​ការពេញ​ចិត្ត​ពី​ស្តេចឈីន តែង​តាំង​ជា​ទី​ប្រឹក្សា​ពិសេស រួម​ពិភាក្សា​រាល់​កិច្ច​ការ​ធំៗ​របស់​កង​ទ័ព។

ពេលនោះ ជាស៊ី ក៏​សុំ​លា ចាងយី ត្រឡប់​ទៅ​ផ្ទះ​វិញ។ ចាង​យី​ ក៏​និយាយ​ថាៈ

ខ្ញុំមាន​ថ្ងៃ​នេះ ក៏​អាស្រ័យលើការ​ជួយ​ជ្រោម​ជ្រែង​របស់​លោក​ទាំង​អស់។ ខ្ញុំ​គិតថា​នឹង​សង​គុណ​លោក​វិញ។​ យ៉ាង​ម៉េច បាន​ជា​ប្រញាប់​ចង់​ទៅ​ផ្ទះ​វិញ​ហើយ? ជាស៊ី សើច​ហើយ​និយាយថាៈ

គួរ​តែ​សង​គុណ​មិត្ត​រួម​ថ្នាក់​លោក​វិញ​ទៅ​! ទើប​រៀប​រាប់​ប្រាប់​ ចាងយី នូវ​អ្វី​ដែលឧបរាជ​ស៊ូ ឲ​គេធ្វើ។ ស្តាប់​ចប់​ ចាង​យី ភ្ញាក់​ខ្លួន​ដូច​គេ​ដាស់។ តាម​ពិត​អ្វីៗ សុទ្ធ​តែ​ជា​គំរោង​ការណ៍​របស់ របស់​ស៊ូឈីង​ ធ្វើ​ឡើង​ដើម្បី​រូបខ្លួន។ ចាងយី​ ដក​ដង្ហើម​វែង​ហើយ​និយាយ​ថាៈ

ឯង​ត្រឡប់​ទៅ​វិញ ប្រាប់​លោក​ឧបរាជ​ផង​ថា ដរាប​ណា​ ចាងយី នៅ​មាន​ជីវិត ដាច់​ខាត​មិន​ទៅ​ឈ្លាន​ពាន​នគរ​ទាំង​ប្រាំមួយ ដាច់​ខាត​មិន​បំផ្លាញ​ផែន​ការ​សម្ព័ន្ធ​ភាព នគរ​ទាំង​ប្រាមួយ​របស់​លោក​ឡើយ។

(ដក​ស្រង់​ចេញ​ពី​សៀវភៅ​ ល្បិច​ទល់​មេឃ ភាគី​ ដែល​រៀប​រៀង​ដោយ គីម​ ឃាង)

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s